(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ អញ្ជើញបិទសន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» នៅសណ្ឋាគារសុខា។

សន្និសីទអន្តរជាតិលើកទី២ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន» ត្រូវបានបើកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមប្រធានបទ «អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឍមណ្ឌលអាស៊ាន-ចិន, មជ្ឍមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, យុវជន, សិស្ស-និស្សិត និងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងនៅថ្ងៃបើកសន្នសីទថា សន្និសីទអន្តរជាតិដែលធ្វើឡើងរយៈពេល ២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕