(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតី​ក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវបេតុង០១ខ្សែ ប្រវែង​៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។​

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ​ក្រោមដំបូលសន្តិភាព។

ផ្លូវបេតុងថ្មី០១ខ្សែនេះ ជាផ្លូវស្ថិតក្នុងផ្លូវគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ មានប្រវែង​៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក​ សង្កាត់ព្រៃវែង ដែលផ្លូវបេតុងថ្មី​០១ខ្សែនេះ នឹងជួយសម្រួលដល់ការ​​ធ្វើដំណើរ​ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភណ្ឌភាពក្នុងការរស់នៅ។​

ជាមួយគ្នានោះ ប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ​ដល់ការលំបាក​របស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​ សម្រាប់​អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរ​សប្បាយ​តទៅមុខ​ទៀត៕