(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន អាល់មិនគ្រុប បានពង្រីកនូវសាខារបស់ខ្លួន កាន់តែខ្លាំងមួយកម្រិតទៀតហើយ ដោយក្នុងថ្ងៃតែមួយ បើកសម្ពោធនូវភោជនីយដ្ឋានថ្មី២ទៀត នៅផ្សារទំនើបអ៊ីអន សែនសុខ ។ ភោជនីយដ្ឋានទាំងពីរនេះ មានទីតាំងនៅជាន់ទី២ទល់មុខ «School Zone» និងរោងភាពយន្ត «Major Cineplex» ។

ការបើកសម្ពោធព្រមគ្នានេះ គឺបានធ្វើឡើងនៅថ្ងៃទី២០​ ខែមិថុនា ឆ្នាម២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ ក្នុងនោះក៏មានវត្ដមាន នាយកប្រតិបត្តិអាល់មិនគ្រុប លោក លូ ម៉េង ។អ៊ុយគុយទាវអ៊ីអនសែនសុខ ជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលបានបើកបំរើម្ហូបខ្មែរយ៉ាងច្រើនសំបូរបែបរួចមកហើយនៅសាខា World Dining ផ្សារទំនើបអ៊ីអន១ក្នុងឆ្នាំ២០១៤។ 

ម៉ឺនុយមុខម្ហូបត្រូវបានរៀបរៀងដោយគ្រឿងផ្សំ និងផលិតផលស្រស់ៗយ៉ាងសំបូរបែបនៅក្នុងព្រះរាជាណាចក្រកម្ពុជា, មានផ្តល់ជូនទឹកស៊ុបច្រើនរសជាតិ, គុយទាវ និង អាហារពេលព្រឹកជាច្រើនមុខទៀត, អាហារថ្ងៃត្រង់ និង ពេលល្ងាច, រួមមានទាំងបាយសាច់មាន់ឆ្នាំងដីគល់ស្លឹកគ្រៃមកពីរតនះគីរី និង ស្ងោរជ្រក់បង្កងតាកែវ។

ការបើកដំណើរការ អ៊ុយគុយទាវអ៊ីអនសែនសុខ រួមបញ្ចូលគ្នាសរុបទាំងអស់មាន៥សាខានៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណង គឺចង់គាំទ្រផលិផលខ្មែរនិង បង្ហាញពីវប្បធម៌របស់ប្រទេស នៅក្នុងភោជនីយដ្ឋានថ្មីនេះ។

ប្រធានគ្រប់គ្រងទូទៅអាល់មិនគ្រុប កញ្ញា ផលលក្ខិណា មានថ្លែងថា «គ្រប់យ៉ាងដែលអ្នកបានឃើញនៅក្នុងភោជនីយដ្ឋានថ្មីមួយនេះ គឺសុទ្ធសឹងតែជារបស់ដែលផលិតនៅក្នុងប្រទេសកម្ពុជា ហើយនៅ អ៊ុយគុយទាវអ៊ីអនសែនសុខនេះ យើងក៏មានម្ហូបពិសេសប្រចាំហាងដូចជា គុយទាវភ្នំពេញ, សម្លរប្រហើរ, ស្ងោរជ្រក់ក្រៅឆ្នាំង និងបញ្ចូលនូវមុខម្ហូបថ្មីដូចជា ស្តេកជាមួយនិងទឹកជ្រលក់ម្រេចកំពត»

នាយកប្រតិបត្តិរបស់អាល់មិនគ្រុប លោក លូ ម៉េង បានថ្លែងផងដែរថា «មានកន្លែងសម្រាប់ទទួលទានអាហារច្រើនកន្លែងណាស់ នៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ប៉ុន្តែភោជនីយដ្ឋាន អ៊ុយគុយទាវ ជាកន្លែងមួយដែលផ្តល់នូវម្ហូបខ្មែរដែលស្រស់ និងមានគុណភាពខ្ពស់»

ចំណែកឯ យ៉ីសាង សាខាអ៊ីអន សែនសុខ ចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨ ដែលជាថ្ងៃល្អបំផុត ក្នុងប្រតិទិនរបស់ជនជាតិចិន ដែលមានទីតាំងស្ថិតនៅជាមួយ និងសណ្ឋាគារអាល់មិន តាមបណ្តោយវិថីសម្តេចសុធារស ដែលនាំមកនូវសិល្បះនៃការធ្វើឌីមសាំស្រស់ៗនិងការច្នៃប្រឌិតមុខម្ហូប តាមចិនបែប កាតាំងដោយមេចុងភៅដ៏ល្បី គឺលោក លូ ម៉េង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាល់មិនគ្រុប។ លោក លូ ម៉េង បានថ្លែងថា «ខ្ញុំនៅតែបន្តនាំយកនូវរសជាតិដើមរបស់ខេត្តខ្វាងទុង មកកាន់កម្ពុជា តាមរយៈស្លាកយីហោមួយនេះ»

លោកលូម៉េងបានឲ្យដឹងទៀតថា ភោជនីយដ្ឋានយ៉ីសាងសាខាផ្សារទំនើបអ៊ីអនសែនសុខ និងផ្តល់ជូននូវឌីមសាំថ្មីៗជាពិសេសគឺសាវម៉ៃ និងសាច់ខ្វៃពិសេសរបស់ជនជាតិចិន បែបកាតាំង ដូចជាទាខ្វៃទឹកឃ្មុំ ដែលជារូបមន្តប្រចាំត្រកូលរបស់គ្រួសារលូ។ លោកបានបន្តទៀតថា រសជាតិដ៏អស្ចារ្យ គឺអាស្រ័យលើគុណភាពនៃគ្រឿងផ្សំ និងប្រភេទសាច់ដែលល្អ,ជាពិសេសទឹកឃ្មុំសុទ្ធ ដែលបានជ្រើសរើសមុនពេលចំអិន ។

សូមជម្រាបថា សម្រាប់ការបើកឲ្យដំណើរការលើកនេះ គឺជាសាខាទី៨ របស់ភោជនីយដ្ឋានយ៉ីសាង ដែលមានទីតាំងល្អ ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ជាប់និងរោងភាពយន្ត «Major Cineplex» បូករួមជាមួយនិងទេសភាព១៨០ដឺក្រេ ដែលអាចឲ្យយើងមើលឃើញទេសភាពពណ៌បៃតងនៃចំណតរថយន្ដ និងច្រកចូលខាងមុខដោយផ្ទាល់ ៕