(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិន នៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

អាជ្ញាធរជាតិអប្សរាបានបន្តថា អត្ថបទនេះបានលើកយកមតិ របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានប្រើពាក្យអសុរោះប្រមាថមាក់ងាយ និងផ្តល់ភាពអយុត្តិធម៌ ហាក់គ្មានការយល់ដឹងច្បាស់លាស់ពីអ្វីដែលកើតឡើងពីមុនមក ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ជំនាញ ក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អង្គរ។

ទាក់ទងនឹងការលើកឡើងខាងលើនេះ វាមិនមែនជារឿងថ្មីទេ ព្រោះអាជ្ញាធរជាតិអប្សរាធ្លាប់បានធ្វើលិខិតបំភ្លឺម្តងរួចមកហើយ ដែលចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ បានគូសបញ្ជាក់ថា «អក្សរបរទេសដែលមានចារលើថ្មជញ្ជាំង ឬសរសេរនៅអង្គរវត្តនោះ ត្រូវបានក្រុមសិក្សាស្រាវជ្រាវសិលាចារឹកនៃអាជ្ញាធរជាតិអប្សរា ចុះបញ្ជី និងសិក្សាតាំងពីឆ្នាំ២០០២ មកម្ល៉េះ។ ភាសាបរទេសដែលបានសរសេរ និងចារលើថ្មប្រាសាទអង្គរវត្ត មានដូចជា ជប៉ុន ចិន ភូមា សៀម បារាំង និងវៀតណាមជាដើម។ អក្សរប្រភេទនេះអ្នកស្រាវជ្រាវចាត់ទុថាជា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចារឹកគំនូរ ឬចម្លាក់ទេ»

អាជ្ញាធរអប្សរាបានបន្ថែមថា តាមការសិក្សារបស់ក្រុមសិលាចារឹកបានផ្ដល់ព័ត៌មានថា ក្នុងចំណោមអក្សរជាភាសាបរទេសទាំងអស់បានសរសេរលើថ្មប្រាសាទ គឺភាសាជប៉ុនមានអាយុកាលចាស់ជាងគេ សរសេរនៅដើមសតវត្សទី១៧។ រីឯភាសាផ្សេងៗទៀត សរសេរនៅចុងសតវត្សទី១៩ ដើមសតវត្សទី២០ និងមុនឆ្នាំ១៩៤៩។ ភាសាវៀតណាម ដែលប្រទះនៅទីនេះមាន ២សម័យកាល គឺនៅដើមសតវត្សទី២០ និងនៅមុនឆ្នាំ១៩៤៩។ បើយើងសរុបន័យសេចក្តីចំណារ និងការសរសេរលើថ្មដូចពោលមកពីខាងលើនោះ ក៏មាននិយាយអំពីអ្នកស្វែងបុណ្យមកពីជប៉ុន ភូមា សៀម និងវៀតណាម មកសំពះបូជនីយដ្ឋានអង្គរវត្ត ជាទឹកដីរបស់ព្រះដែលគេឯងតែងមកគោរពបូជា។

អង្គរវត្តកសាងឡើងកាលពីដើមសតវត្សទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍ ឬព្រះវិស្ណុ។ តែចាប់ពីក្រោយសម័យអង្គរមក អង្គរវត្តបានក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា មិនត្រឹមតែចំពោះខ្មែរប៉ុណ្ណោះទេ តែចំពោះពុទ្ធសាសនិកជនទូទាំងអាស៊ីភាគអាគ្នេយ៍ទាំងមូល ដែលមានភស្តុតាងជាសំណេរ និងចំណារលើថ្មនៃជនជាតិទាំងនោះស្រាប់។

ទន្ទឹមនឹងនេះ ក៏មានជាឈ្មោះមនុស្សនៃជនជាតិនានាច្រើនជាតិសាសន៍មកទស្សនាមុនទសវត្ស១៩៩០ បានសរសេរ ឬចារទុកសម្គាល់ថា ខ្លួនបានមកដល់អង្គរវត្តទីឋានដ៏ខ្ពង់ខ្ពស់លើលោក។ ក្រោយមកគឺគ្មានចំណារលើសាច់ថ្មដូចមុនទៀតទេ តែអាចមានសំណេរលួចលាក់ដែលសរសេរដោយធ្យូង ដីស ទឹកថ្នាំលុប ពណ៌សឬពណ៌ផ្សេងៗមួយចំនួនតូច នៅតាមកន្លែងស្ងាត់ផុតពីភ្នែកឆ្មាំប្រាសាទ។ បច្ចុប្បន្ននេះ ដោយយោងតាមច្បាប់ស្ដីពីការការពារបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឱ្យមានការសរសេរ ឬចារលើសាច់ថ្មនៅតាមជញ្ជាំង ឬសសរប្រាសាទទៀតឡើយ។

នៅដើមទសវត្ស១៩៩០ ឆ្មាំប្រាសាទនៃអភិរក្សដ្ឋានអង្គរបានព្យាយាមកោសលុបអក្សរចំណារទាំងនោះខ្លះដែរ។ ប៉ុន្តែការប្រឹងនេះមិនសូវបានផល ហើយបានធ្វើឱ្យបាត់ដានប្រវត្តិសាស្ត្ររបស់អង្គរ។ អ្នកស្រាវជ្រាវបរទេសមួយចំនួនដែលស្រាវជ្រាវពីអង្គរ តែងតែនិយាយក្នុងសៀវភៅផ្សព្វផ្សាយរបស់ខ្លួនថា អង្គរត្រូវបានគេបោះបង់ចោលក្លាយជាព្រៃស្មសាន ព្រៃស្វា ខ្លា ដំរី ទើបតែស្រាវជ្រាវឃើញដោយជនបរទេសទាំងនោះ នាចុងសតវត្សទី១៩។ ដូច្នេះអ្វីដែលបាននិយាយខាងលើ គឺជាភស្តុតាងប្រាកដប្រជាបង្ហាញឱ្យឃើញថា គ្មានពេលណាមួយដែលអង្គរក្លាយជាព្រៃស្មសាន ព្រៃខ្លាដំរី ពោលគឺមានមនុស្សរស់នៅថែទាំរៀងរហូត គ្រាន់តែថយចំនួនដោយសារការប្ដូររាជធានីទៅកាន់ទីតាំងផ្សេង៕