(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកដោយលោក តែ អ៊ិតលាង បានសហការជាមួយមន្ទីរពាណិជ្ជកម្ម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារស៊ិនជូរីផ្លាហ្សា។

ក្រុមការងារ បានធ្វើតេស្តបឋមលើទំនិញម្ហូបអាហារមួយចំនួន ដោយបានរកឃើញមានសារធាតុគីមីបូរ៉ាក់ នៅក្នុងនំបាញ់ឌុក និងលតស្វិតអង្ករ (លតពណ៌បៃតង) ដែលច្បាប់ហាមឃាត់។

មន្រ្តីកាំកុងត្រូលបានធ្វើការដកហូត នំបាញ់ឌុកចំនួន៥គីឡូក្រាម លតស្វិតអង្ករចំនួន៧គីឡូក្រាម ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធី ព្រមទាំងស្រាវជ្រាវបន្ត ដើម្បីរកកន្លែងប្រភពចែកចាយ។

ជាមួយគ្នានេះ ក្រុមការងារ បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់ លើផលិតផលទំនិញ ម្ហូបអាហារ របស់ខ្លួនសម្រាប់ការដាក់លក់ផងដែរ៕