(ភ្នំពេញ)​៖​ នៅព្រឹកថ្ងៃពុធ​ ៨កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២០​ ខែមិថុនា​ ឆ្នាំ២០១៨​ នេះ កាកបាទក្រហមកម្ពុជា​ (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានផ្តល់ថវិកា​ចំនួន​ ៣០.០០០ដុល្លារ​ (បីម៉ឺនដុល្លារអាមេរិក)​ ដើម្បីរួមចំណែកសាងសង់អគារស្នាក់នៅសម្រាប់ជនពិការចំនួន​ ៧២នាក់​ និងបុគ្គលិក​ ១០នាក់​ នៃសមាគមតន្ត្រីសំនៀងជន​ពិការ​ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយ​មនុស្សធម៌ជាលើកទី​ ៧​ ចាប់ពីឆ្នាំ២០១៤​ មក ជូនដល់សមាគមនេះ​ ដែលមាន​ទីតាំងស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌ​ព្រែក​ព្រៅ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការរងទី ១ កក្រក​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតស្រឡាញ់​ និងគិតគូរពីការរស់នៅប្រចាំថ្ងៃ​ ព្រមទាំងកោតសរសើរចំពោះជនពិការទាំងអស់ ដែលខិតខំតស៊ូ ជំនះគ្រប់ឧបសគ្គក្នុងជីវិតរស់នៅ តាមរយៈ ការអនុវត្តអនុសាសន៍ណែនាំរបស់​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលបានជំរុញលើកទឹកចិត្តឱ្យជនពិការ​ប្រមូលផ្តុំគ្នាជាសមាគម ឬជាអង្គការ​ជនពិការ​ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ​ និងគិតគូរពីលទ្ធភាពដែលអាចធ្វើទៅបានដើម្បីងាយស្រួល​ដល់សប្បុរសជនក្នុងការជួយឧបត្ថម្ភ។

ជាមួយគ្នានោះ​ លោកស្រី​ អគ្គលេខាធិការរងទី ១ ក៏បានលើកទឹកចិត្តដល់ក្រុម​ជនពិការ​ ឱ្យបន្តការតស៊ូ​ព្យាយាម​ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់​ខ្លួន​ តាមរយៈ​ ការបញ្ចេញសមត្ថភាព​ និងទេពកោសល្យ​ឱ្យអ្នកដទៃមើលឃើញថា​ "ជនពិការ​ គឺពិការតែកាយតែមិនពិការចិត្ត"​ ដើម្បីបង្ហាញពីការរីកចម្រើននៃការលើកកម្ពស់ជនពិការ​ ក្រោមការយកចិត្តទុកដាក់របស់រាជ​រដ្ឋាភិបាលកម្ពុជា។

លោកស្រី​ ញ៉ែម​ មរកត​ និងលោក​ ចាប​ តូ​ តំណាងឱ្យជនពិការទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ តែងគិតគូរ​យកចិត្តទុកដាក់​ពីកន្លែងរស់នៅសមរម្យ​ ថ្លៃថ្នូរ​ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់​ ដោយគ្មាន​ការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា​ បន្ថែមពីការផ្តល់ថវិកា​ ៣ម៉ឺនដុល្លារសម្រាប់សាងសង់អគារស្នាក់នៅ​ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ផ្លែគូលេន​ ២០គីឡូក្រាម និងថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់ជនពិការទាំង​ ៨២នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារថ្ងៃត្រង់មួយពេល៕