(ភ្នំពេញ)៖ ប្រជាជនកម្ពុជា ពិតជាចង់ក្លាយជាមិត្តល្អជាមួយបណ្តាប្រទេសទាំងអស់ ក៏ដូចជាមិត្តល្អជាមួយសហរដ្ឋអាមេរិកផងដែរ។ យើងមើលឃើញថា បទពិសោធន៍កន្លងមកថ្មីៗនេះ គឺពុំផ្តល់ផលប្រយោជន៍អ្វីទាំងអស់ដល់សហរដ្ឋអាមេរិក ហើយក៏មិនប៉ះពាល់អ្វីចំពោះកម្ពុជានោះទេ។

សកម្មភាពថ្មីរបស់មន្ត្រីអាមេរិក ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ការប៉ុនប៉ងធ្វើឲ្យស្រអាប់កិត្តិនាមកម្ពុជា ក៏គ្មានផ្តល់ផលប្រយោជន៍អ្វីបន្តិចសោះដល់សហរដ្ឋអាមេរិក ហើយក៏មិនបានធ្វើឲ្យប៉ះពាល់បន្តិចណាសោះចំពោះកម្ពុជានោះទេ។

ចំពោះនិន្នាការនយោបាយរបស់ មន្ត្រីអាមេរិកតិចតួច ក្នុងការគាំទ្រពួកប្រឆាំងដែលអសមត្ថភាព ក្នុងការធ្វើសកម្មភាពផ្ចាញ់ផ្ចាលរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ក៏អាមេរិកមិនទទួលបានផលប្រយោជន៍ជាដុំកំភួនដែរ។ ផ្ទុយទៅវិញ ការគាំទ្រដល់បុគ្គលដែលគ្មានសមត្ថភាពនាពេលបច្ចុប្បន្ន គឺប្រៀបបាននឹងកំហុសរបស់ សហរដ្ឋអាមេរិក ដែលគាំទ្រពួក លន់ នល់ នាពេលអតីតកាលក្នុងទសវត្សរ៍ឆ្នាំ១៩៧០អញ្ចឹងដែរ គឺបានធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់មុខមាត់របស់អាមេរិក ដែលជាមហាអំណាចពិភពលោក។

សហរដ្ឋអាមេរិក គួរជ្រើសរើសវិធីល្អជាងនេះ ដូចដែល សហរដ្ឋអាមេរិក បានធ្វើជាមួយប្រទេសកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ របៀបការទូតដ៏ល្អនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាវិជ្ជមានទាំងសម្រាប់ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។

វាពិតជាមានសារៈសំខាន់ក្នុងការរំលឹកឡើងវិញអំពីមេរៀនខ្លះជាបទពិសោធន៍ពីអតីតកាលកន្លងមក។ នៅក្នុងសម័យកាលសង្គ្រាមអាមេរិកជាមួយវៀតណាម គឺ សហរដ្ឋអាមេរិក បានរំលោភលើ នយោបាយអព្យាក្រឹត្យរបស់ សម្ដេច ព្រះនរោត្តម សីហនុ ហើយអាមេរិកថែមទាំងបង្កើតភាពជាសត្រូវជាមួយព្រះអង្គ ដោយបានហៅព្រះអង្គថា៖ «អ្នកលេង - play boy» ថែមទៀត។

ជាមួយគ្នានេះ ការដែល សហរដ្ឋអាមេរិក បានសម្រេចចិត្តគាំទ្រ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ គឺបានធ្វើឲ្យ ប្រជាជនកម្ពុជា ផ្ទុះកំហឹងឡើង ហើយប្រជាជនកម្ពុជា ស្អប់អាមេរិកាំងជាខ្លាំងរហូតដុតស្ថានទូតអាមេរិកចោល។ កំហុសរបស់ អាមេរិកាំង ក៏បានរួមចំណែក ដល់ការស្លាប់ទាហានអាមេរិកាំងនៅកម្ពុជា និងក៏បានជំរុញឲ្យកើនឡើងនៃចលនាតស៊ូខ្មែរក្រហមផងដែរ។ បញ្ហាអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា គឺជារូបភាព ដ៏អាក្រក់បំផុតរបស់អាមេរិក ចំពោះ កម្ពុជា រហូតមកដល់បច្ចុប្បន្ន។

នៅក្នុងឆ្នាំ១៩៩០ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា មានភាពល្អ ប្រសើរឡើងវិញ ហើយក៏បានជួយជំរុញដល់ការអភិវឌ្ឍន៍លើវិស័យជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាង សហរដ្ឋអាមេរិក និង កម្ពុជា ទាំងលើវិស័យអប់រំ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងភេវរកម្ម។

ផ្ទុយទៅវិញ ឥឡូវនេះ សហរដ្ឋអាមេរិក ហាក់វិលទៅរកភាពបរាជ័យម្តងទៀតចំពោះកម្ពុជា ដូចដែលអាមេរិកដើរខុសកាលពីអតីតកាល។ នៅពេលនិយាយអំពីការព្យាយាមធ្វើឲ្យល្អប្រសើរលើការលើកតម្កើងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គឺសហរដ្ឋអាមេរិក ហាក់បរាជ័យយ៉ាងធ្ងន់ធ្ងរ។ ការបរាជ័យនេះ មិនត្រឹមតែធ្វើឱ្យមានការខកចិត្តចំពោះអ្នកបង់ពន្ធរបស់អាមេរិករាប់ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតឲ្យមានភាពអយុត្តិធម៌ ចំពោះប្រជាជនកម្ពុជាផងដែរ។

ឥរិយាបទមន្ត្រីទូតអាមេរិកដែលឆ្គាំឆ្គងចំមហាក្សត្រកម្ពុជា ក៏ដូចជាវិធានការរបស់មន្ត្រីអាមេរិកចំពោះមន្ត្រីកម្ពុជា គ្មានផ្តល់ផលប្រយោជន៍អ្វីដល់អាមេរិកទេ គឺមានតែបង្កើតការយល់ច្រឡំ ហើយខូចខាតផលប្រយោជន៍ធំរវាងប្រទេសទាំងពីរ។ ទោះបីកម្ពុជា ជាប្រទេសតូច ប៉ុន្តែ កម្ពុជា មានផលប្រយោជន៍ជាច្រើនដែលផ្តល់ឲ្យគ្នាទៅវិញទៅមក និងក៏មិនចុះញ៉មនិងសម្ពាធនយោបាយអយុត្តិធម៌ដែរ។

ពួកប្រឆាំងគ្មានគោលការណ៍ទេ។ ពាក្យអសុរស អសមត្ថភាព និងភាពជ្រុលនិយមរបស់ពួកប្រឆាំង ធ្វើឲ្យជះផលអវិជ្ជមាន ដល់មុខមាត់សហរដ្ឋអាមេរិកក្នុងការលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា។ ការលម្អៀងរបស់សហរដ្ឋអាមេរិក លើពួកប្រឆាំងជ្រុលនិយម បានធ្វើឱ្យអារម្មណ៍របស់ប្រជាជនកម្ពុជា មានភាពអវិជ្ជមានបន្តិចម្តងៗចំពោះ សហរដ្ឋអាមេរិក ខណៈពួកប្រឆាំងកំពុងបន្តបំផ្លាញតម្លៃ លទិ្ធប្រជាធិបតេយ្យកាន់តែខ្លាំងឡើង ដោយសារតែ ភាពជ្រុលនិយមរបស់ពួកគេ។

ឥឡូវនេះ ប្រជាជនកម្ពុជា កាន់តែមានអារម្មណ៍ថា អាមេរិក ហាក់ទំយើ និងបើកដៃឲ្យពួកប្រឆាំងធ្វើសកម្មភាពជ្រុលនិយមតាមបែបបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាតែម្តង។ ក្នុងន័យនេះ សហរដ្ឋអាមេរិក គួរមានការថ្លឹងថ្លែង និងដកខ្លួនចេញពីការយល់ឃើញជាទូទៅបែបនេះ ដើម្បីស្តារទំនាក់ទំនងជាផលប្រយោជន៍ធំធេងយូរអង្វែងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។

ជាការពិត សហរដ្ឋអាមេរិក បានចូលមកដល់ប្រទេសកម្ពុជា យឺតជាងបណ្តាប្រទេសនៅអឺរ៉ុបនិងប្រទេសនៅអាស៊ីខ្លះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ហាក់បានរៀនអំពីប្រជាជនកម្ពុជា បានលឿនជាងប្រទេសមួយចំនួន ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកម្ពុជាបានលឿនផងដែរ។ សហរដ្ឋអាមេរិក គួរបន្តស្វែងយល់ពីប្រវត្តិសាស្ត្រនិងផ្នត់គំនិតនៃប្រជាជនកម្ពុជា ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកនិងសង្គ្រាម ហើយក៏គួរយល់ពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់លើកតម្កើងតិត្យានុភាពជាតិខ្លួន និងចង់បានការអភិវឌ្ឍន៍តទៅមុខទៀតដែរ។

យើងទាំងអស់គ្នាក៏ត្រូវទទួលស្គាល់ថា៖ «ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិករយៈពេល៦៨ឆ្នាំកន្លងមកនេះ ហាក់ប្រៀបដូចនឹងឥរិយាបទនៃបុរសអ្នកមានម្នាក់ ដែលតាមញ៉ែរឌឺដងឡែបខាយនារីស្អាតម្នាក់ ដើម្បីយកខ្លួនប្រាណ ក៏ប៉ុន្តែ គ្មានបំណងរៀបការជាមួយនាងឡើយ»។

វាក៏ជាការគួរឲ្យសោកស្តាយ ដែលមានសមាជិកព្រឹទ្ធសភាអាមេរិក និងអ្នកនយោបាយអាមេរិកមួយក្រុមតូចប៉ុណ្ណោះ បន្តតាមព្យាបាទកម្ពុជាពីចម្ងាយដោយងងិតងងុល និងដោយមិនព្រមស្វែងយល់ពីកម្ពុជាទាល់តែសោះ ដែលទង្វើនេះធ្វើឲ្យប្រជាជនកម្ពុជាវាយតម្លៃជារួមថា អាមេរិក បំពានតម្លៃនិងអធិបតេយ្យជាតិខ្លួន។

លើសពីនេះ សហរដ្ឋអាមេរិក ក៏មិនគួរប្រែក្លាយកម្ពុជា ធ្វើជាឈ្នាន់នៃសង្គ្រាមភូមិសាស្ត្រនយោបាយរបស់អាមេរិក នៅអាស៊ីនោះឡើយ។ បើអាមេរិកប្រឆាំងឥទ្ធិពលមហាអំណាចចិន ក៏គួរតែធ្វើត្រង់ចំពោះប្រទេសចិនតែម្តងទៅ ពីព្រោះកម្ពុជា គ្មានប្រយោជន៍អ្វីនៅក្នុងល្បែងនយោបាយនេះទេ៕

យើង, ប្រជាជនកម្ពុជា!