(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៤៥៦គ្រឿង រកឃើញល្មើសច្បាប់២៥០គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ១៣២គ្រឿង និងផាកពិន័យ១១៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,២២២គ្រឿង អប់រំគ្មាន និងផាកពិន័យចំនួន៩២គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៣៥០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៥,៧៨១គ្រឿង រកឃើញយានយន្តល្មើស៧,៨៩២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៣,៦៨៥គ្រឿង និងផាកពិន័យ ៤,២០៧គ្រឿង (ម៉ូតូ៩៩%)៕