(កំពង់ធំ)៖ នៅថ្ងៃពុធ ០៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលជាថ្ងៃសីល ត្រូវនឹងថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមព្រះសង្ឃសង្គហធម៌ មនុស្សធម៌ដែលនិមន្តមកពីវត្តនានាគង់ នៅរាជធានីភ្នំពេញ ជាពិសេសព្រះសង្ឃដែលគង់នៅវត្តបទុម បានរៀបចំកម្មវិធីអប់រំសីលធម៌ ដល់សិស្សានុសិស្សចំនួន៥៤៤នាក់ និងលោកគ្រូ អ្នកគ្រូចំនួន២៧នាក់ ស្ថិតនៅសាលាបឋមសិក្សាកំពង់ថ្ម ភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រុមព្រះសង្ឃសង្គហធម៌ មនុស្សធម៌ មានចំនួន៦៤អង្គ និងគ្រហស្ថចំនួន១០នាក់ បានបង្កើតកម្មវិធីនេះឡើងក្នុងមានគោលបំណង ចែកសិក្ខូបករណ៍ និងអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់កុមារ និងលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានសេចក្តីល្អ ដោយបដិបត្តិតាមពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធដែលជាព្រះបរមគ្រូ នៃពុទ្ធសាសនិកជនគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ព្រះតេជគុណ ម៉េងទៀង បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ។ ព្រះសង្ឃជាច្រើនអង្គ កំពុងធ្វើការបញ្ជ្រាបចំណេះដឹង សីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្ស ការអប់រំតាមបែបព្រះពុទ្ធសាសនា ដើម្បីសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

ជាមួយគ្នានេះ ព្រះតេជគុណសូមថ្លែងអំណរអរព្រះគុណ និងអរគុណដល់លោកម្ចាស់គ្រប់ព្រះអង្គ និងបងៗ ប្អូនៗ ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីក្នុងថ្ងៃនេះ នូវទឹកចិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃ។ សូមប្រគេន និងជូនបុណ្យដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា នូវពុទ្ធិពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕