(ភ្នំពេញ)៖ សម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជារំពឹងថា បន្ទាប់ពីមានការដាក់ចេញនូវយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការកាត់បន្ថយ ការនាំចូលផលិតផលសម្រេច ពីបរទេសនោះ សហគ្រាសធុនតូច និងមធ្យម (SME) នឹងមានសន្ទុះកើនឡើង យ៉ាងឆាប់រហ័សជាក់ជាពុំខាន។ នេះបើតាម​លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ថ្លែងក្នុងកម្មវិធី ការជំរុញលក់ផលិតផលសហគ្រាស ធុនតូច និងមធ្យមតាមប្រព័ន្ធអ៊ីធើណិតរវាងកម្ពុជា-ឥណ្ឌា នៅព្រឹកថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឧកញ៉ា តែ តាំងប៉ បានថ្លែងថា «រាជរដ្ឋាភិបាល គ្រោងដាក់ចេញយុទ្ធសាស្រ្ដកាត់បន្ថយ ផលិតផលសម្រេចពីបរទេស និងជំរុញឧស្សាហកម្មធុនតូច និងមធ្យម។ ដូចយើងឃើញស្រាប់ហើយថា បច្ចុប្បន្ននេះ​កម្ពុជា តែងតែនាំចូលផលិតផលសម្រេច ពីបណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសថៃជាដើម ដែលការនាំចូល ផលិតផលនេះ នឹងធ្វើឲ្យមានការប៉ះពាល់ដល់ SME ក្នុងស្រុក»។

លោកឧកញ៉ា ថ្លែងបន្ដទៀតថា ដើម្បីលើកស្ទួយ SME រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ស្រាប់ហើយ ក្នុងការកាត់បន្ថយការនាំចូលផលិតផល សម្រេចពីបរទេស បន្ទាប់​ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ត្រូវបានបញ្ចប់ រាជរដ្ឋាភិបាល នឹងចាប់អនុវត្តន៍គោលការណ៍​ទាំងនេះ ដើម្បីជួយដល់ SME។ SME ជាឆ្អឹងខ្នង​នៃ​កំណើនសេដ្ឋកិច្ចជាតិ ប្រសិនបើអ្នកទាំងអស់គ្នា មិនកាត់បន្ថយការនាំចូលទេ នោះ SME មិនអាចងើបរួចនោះឡើយ។

លោកបានបញ្ជាក់ទៀតថា ក្នុងគោលបំណងលើកស្ទួយ SME សម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសម្រេចសហការជាមួយ​ក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដើម្បីជំរុញផលិតផលខ្មែរដែលមាន ទៅកាន់ទីផ្សារពិភពលោក តាមប្រព័ន្ធអនឡាញ។

លោក Sailesh Lachu Hiranandani ប្រធានក្រុមហ៊ុន SRAM & MRAM «ខ្ញុំរំពឹងថា ផលិតផលរបស់កម្ពុជា នឹងមានទទួលស្គាល់ច្រើន ព្រោះដោយសារតែប្រទេសកម្ពុជា ដីមានជីវជាតិល្អ អាចដាំដំណាំបានល្អ ប្រទេសភាគច្រើនដូចជា វៀតណាម-ថៃ ក៏បានទិញផលិតផលខ្មែរ​យកទៅវ៉ិចខ្ចប់ លក់ និងមានភាពល្បីល្បាញលើទីផ្សារពិភពលោកផងដែរ»។

ក្នុងនោះដែរ ឃើញថាអាជីវករខ្មែរបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការសហការវាងសមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា ចំពោះ​ការដាក់លក់ផលិត​ផល​ខ្មែរតាមប្រព័ន្ធអនឡាញនេះ ដោយម្នាក់គ្រោងនឹងបង្កើតផលិតផលផ្សេងៗបន្ថែមទៀត ដើម្បីសំរុកក្នុងការនាំចេញ។

អ្នកនាង កែវ សុខទៀង ប្រធានក្រុមហ៊ុន សេង ហួត ហ្វាហ្វា បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះការសហការគ្នា​រវាង សមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដែលគ្រោងនឹងនាំផលិតផលខ្មែរ ទៅលក់លើទីផ្សារអន្ដរជាតិ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះ។ ខ្ញុំពិតជា មានកំលាំងចិត្តក្នុងការផលិត ផលិតផលខ្មែរបន្ដទៀតណាស់ ព្រោះយើងមានទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស»