(ភ្នំពេញ)៖ លោក Simon Junker ប្រធានគម្រោង និងជាទីប្រឹក្សាប្រចាំតំបន់សម្រាប់ការអភិវឌ្ឍជំនាញ និងការងារ នៃការិយាល័យសហប្រតិបត្តិការស្វីស និងការិយាល័យកុងស៊ុលស្វីសប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលស្វីសនៅតែបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញ (Skill Development) នៅកម្ពុជា ជាពិសេសបន្តចែករំលែកបទពិសោធន៍ឯកទេសវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចស្តង់ដាស្វីស។

ការលើកឡើងបែបនេះ នាឱកាសកិច្ចពិភាក្សាក្នុងសន្និសីទអន្តរជាតិលើកទី២ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព នៅសណ្ឋាគារសុខារ៉េស៊ីដង់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

លោកបន្តទៀតថា វិស័យទេសចរណ៍ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូចច្នេះហើយបានជាគម្រោងអភិវឌ្ឍន៍ជំនាញ របស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) យកចិត្តទុកដាក់លើជំនាញទេសចរណ៍ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)៕