(ភ្នំពេញ)៖ រដ្ឋបាលគយកម្ពុជា និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាគ្នាជាលើកទី២ដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហា និងសំណូមពរមួយចំនួនរបស់វិស័យឯកជនពាក់ព័ន្ធការអនុវត្តនីតិវិធីគយ។

កិច្ចសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងមានការចូលរួមពីមន្ត្រីគយតំណាងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា JBAC ស្ថានទូតជប៉ុន ភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិជប៉ុន JICA និងស្ថាប័នធុរកិច្ចជប៉ុននៅក្រៅប្រទេស JETRO។

ថ្លែងក្នុងពិធីបើកកិច្ចសន្ទនា លោកបណ្ឌិត គុណ ញឹម បានលើកបង្ហាញនូវសមិទ្ធិផលធំៗមួយចំនួននៃការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មរបស់រដ្ឋបាលគយកម្ពុជានាពេលកន្លងមក រួមមាន៖ សន្ទុះកើនឡើងគួរឲ្យកត់សម្គាល់នៃការប្រមូលចំណូល, ការងារបង្ការ និងបង្ក្រាបបទល្មើស, អភិបាលកិច្ចក្នុងអង្គភាពគយ និងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ។ លើសពីនេះទៀត កិច្ចសហការជាមួយវិស័យឯកជនកាន់តែត្រូវបានពង្រឹង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល និងដោះស្រាយបញ្ហានានា ដែលផ្នែកឯកជនជួបប្រទះ។

នាឱកាសនោះ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាពការងារគយមួយចំនួនក្រោយជំនួបលើកទី១ រួមមានការដាក់ឲ្យអនុវត្ត E-Payment, ការដាក់បញ្ចូលតារាងពន្ធគយលើគេហទំព័រ និងទូរស័ព្ទវៃឆ្លាត, ការដាក់បញ្ចូលកម្មវិធីកាត់បន្ថយអត្រាពន្ថអនុគ្រោះក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើគេហទំព័រ, ការអនុញ្ញាតឲ្យប្រើប្រាស់ឯកសារច្បាប់ចម្លង (ឯកសារស្កែន) សម្រាប់ការបំពេញបែបបទគយ, ព្រមទាំងវឌ្ឍនភាពការរៀបចំ E-Permit, សេចក្តីព្រាងបទប្បញ្ញត្តិ ស្តីពីកម្រៃគយមួយចំនួន ដែលគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ និងការត្រៀមពង្រីកសមាជិកធុរជនល្អបំផុតដើម្បីឈានទៅអនុវត្ត AEO ជាដើម។ល។

បន្ទាប់មកកិច្ចសន្ទនាបានដំណើរការពិភាក្សា និងដោះស្រាយលើសំណូមពរ និងបញ្ហាដែលបានលើកឡើងដោយ JBAC ចំនួន ០៩ចំណុច ពាក់ព័ន្ធនឹងកិច្ចសម្រួលនីតិវិធីប្រកាសលើប្រតិវេទន៍គយ ការងារប្រតិបត្តិការគយប្រចាំថ្ងៃ ការជំរុញល្បឿននៃការចេញលិខិតអនុញ្ញាតគយ ការធ្វើចំណាត់ថ្នាក់ទំនិញ ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនិងវិញ្ញាបនបត្រដើមកំណើតទំនិញជាដើម។

ជាមួយគ្នានេះ លោក ណូរីហ៊ីសា យ៉ាម៉ាហ្សាគី ប្រធានសមាគមធុរកិច្ចជប៉ុន ក៏បានគូសបញ្ជាក់ថា កិច្ចសន្ទនារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាមួយសមាគមធុរកិច្ចជប៉ុន គឺជាយន្តការមួយដែលអាចចូលរួមចំណែកក្នុងការកែលម្អបរិយាកាសធុរកិច្ច និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជា បានទទួលយកនូវដំណោះស្រាយនានា ដែលបានលើកឡើងដោយតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងបានឯកភាពគ្នាថានឹងរៀបចំកិច្ចសន្ទនាជាបន្តទៀត នាពេលវេលាសមស្របណាមួយនាពេលខាងមុខបន្តទៅទៀត។

កិច្ចសន្ទនាលើទី២ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានិងសមាគមធុរកិច្ចជប៉ុនប្រចាំនៅប្រទេសកម្ពុជា (JBAC) ត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសការងារ និងប្រកបដោយផ្លែផ្កាគួរឲ្យកត់សម្គាល់៕