(ភ្នំពេញ)៖ ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា បានរីកចម្រើនលូតលាស់ជាង ២០ឆ្នាំមកហើយ និងកាន់តែរីកលូតលាស់ខ្លាំង ចាប់ពីពេលដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក។

លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានរីកធំធាត់រហូតដល់សព្វថ្ងៃ សិទ្ធិមនុស្សត្រូវបានគោរព។ សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ត្រូវបានធានាបានយ៉ាងល្អក៏ព្រោះ តែកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាតិ។ លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងមាននេះ នឹងមិនអាចកើតឡើង នៅក្នុងប្រទេសដែលកំពុងតែមានសង្គ្រាម និងអស្ថិរភាពឡើយ។

ក្នងនាមជាអ្នកជួយសង្គ្រោះជីវិតជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំដៃ នៃក្រុមខ្មែរក្រហមប៉ុល ពត រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើត និងនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងថែមទាំងការពារឱ្យបានគង់វង្សនូវដើមឈើប្រជាធិបតេយ្យ សិទ្ធិមនុស្សនេះ ទោះបីជាមានជនបរទេសខ្លះ រួមនឹងក្រុមអ្នកនយោបាយខ្មែរលក់ខ្លួនមួយក្តាប់តូច ព្យាយាមបំផ្លាញតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ។

ដោយសារតែផលប្រយោជន៍ក្នុងភូមិសាស្ត្រនយោបាយ និងមិនអាចធ្វើឪរបស់កម្ពុជាបានសម្រេច ជនបរទេសមួយចំនួនដែលមានគំនិតជាប់កំអែលជាអ្នកធ្វើអាណានិគមចាស់ បានព្យាយាមក្នុងការគ្រប់គ្រង និងធ្វើជាម៉ែឪកម្ពុជា និងធ្វើជាស្រឡាញ់ និងស្មោះត្រង់ជាមួយកម្ពុជា ជាងប្រជាជនកម្ពុជា។ ប៉ុន្តែការពិតគឺ ដើម្បីបម្រើផលប្រយោជន៍នយោបាយពួកគេតែប៉ុណ្ណោះ។ ដោយសារតែមិនអាចបង្វិលកម្ពុជាដែលជារដ្ឋឯករាជ្យ អធិបតេយ្យភាពមួយតាមតែអំពើចិត្តរបស់ខ្លួនបាន ជនបរទេសមួយចំនួនបានព្យាយាមបំផ្លាញកម្ពុជាគ្រប់រូបភាព ក្នុងនោះការគាំទ្រលើផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំ និងផ្លាស់ប្តូរមេដឹកនាំដោយ មានផែនការលើកបន្តុបក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកដឹកនាំជំនួស ដើម្បីងាយស្រួលពួកគេបង្វិលក្បាលស្រេចតែចិត្ត។ ពួកគេបានខិតខំផ្លាស់ប្តូររបប និងមេដឹកនាំក្រោមលេស ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែពួកគេបានបរាជ័យ នៅចំពោះមុខកម្ពុជា ហើយប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃបដិវត្តន៍ពណ៌ ដែលអ្នកប្រវត្តិសាស្ត្រត្រូវសរសេរពីភាពបរាជ័យនៃផែនការ នេះនៅក្នុងប្រទេសកម្ពុជា។

តើនរណាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដ? នោះគឺក្រុមជនបរទេស ដែលកំពុងតែប្រើប្រាស់អ្នកនយោបាយខ្មែរមួយក្តាប់តូច ដែលឈ្លក់វង្វេងនឹងពាក្យបញ្ជោររបស់បរទេស និងការប្តូររវាងសេចក្តីសុខរបស់ជាតិ ប្រជាជននឹងអំណាច និងលាភសក្ការៈដែលពួកគេប្រាថ្នាចង់បាន ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ បង្កអសន្តិសុខ បង្កអសណ្តាប់ធ្នាប់សាធារណៈ និងបញ្ឆេះសង្គ្រាមដើម្បីលក់អាវុធ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងដើម្បីវាតទីគ្រប់គ្រងលើភូមិសាស្ត្រនយោបាយ។ បច្ចុប្បន្ន ពួកគេខិតខំព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធនយោបាយ និងគំនាបសេដ្ឋកិច្ចទាំងអយុត្តិធម៌ប្រឆាំងនឹងកម្ពុជា រាប់តាំងពីការប្រកាសបង្កកទ្រព្យសម្បត្តិមន្ត្រីខ្មែរ និងផ្តាច់មិនផ្តល់ទិដ្ឋាការជាដើម នៅក្នុងចេតនាសងសឹកមកលើកម្ពុជា និងប្រជាជនខ្មែរ ដែលបានធ្វើឱ្យផែនការរបស់ពួកគេបរាជ័យ អង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌របស់ខ្លួន ត្រូវបានរំលាយក្រោមអំណាចសាលដីកាតុលាការកំពូល និងអ្នកដែល ស្មោះត្រង់នឹងខ្លួន ជាខ្ញុំកញ្ជះដាច់ថ្លៃរបស់ខ្លួនត្រូវបានជាប់គុក និងរត់ចោលស្រុក។ តើនរណាទៀតជាអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា? គឺខ្មែរលក់ខ្លួនមួយក្តាប់តូចដែលក្នុងនោះមានជនក្បត់ជាតិពីឪដល់កូន សម រង្ស៊ី រួមនឹងជនជាតិខ្មែរមួយចំនួន ដែលជឿងប់នឹងបរទេស ភ្លេចខ្លួនថាជាជនជាតិខ្មែរ និងមានក្រុមគ្រួសារកំពុងរស់នៅលើទឹកដីខ្មែរ បានខំបង្កភាពអសណ្តាប់ធ្នាប់សង្គមតាមការញុះញង់របស់ចៅហ្វាយនាយបរទេស និងក្រុមជនក្បត់ជាតិមួយចំនួនដែលកំពុងរត់ចោលស្រុក រត់ចេញពីសំណាញ់ច្បាប់កម្ពុជា។

ជនបរទេស និងខ្មែរលក់ខ្លួនមួយក្តាប់តូចនេះហើយដែលជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ខិតខំថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីផ្តល់ឱកាសឱ្យលទ្ធិប្រជាធិបតេយ្យដែលទទួលការគំរាមកំហែងពីជនបរទេស និងពីក្រុមជនក្បត់ជាតិ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការរីកធំធាត់របស់ខ្លួននៅកម្ពុជា។ តាមពិត ក្នុងចំណោមសមាជិកនៃ ខ្មោចបក្សប្រឆាំងក៏មានអ្នកដែលស្រឡាញ់ជាតិខ្លះផងដែរ ដែលពួកគេមិនបានធ្វើសកម្មភាពបែបញុះញង់ និងបែបហិង្សា រើសអើងប្រកាន់ពូជសាសន៍ដូចទណ្ឌិត សម រង្ស៊ី ដែលកំពុងដឹកមុខធ្វើនេះទេ ព្រោះពួកគេ បានយល់ច្បាស់ថាការធ្វើនយោបាយបែបមាន់សម្ល និងបែបត្រចៀកសដូចជាសម រង្ស៊ី ទោះធ្វើ ១០០ ជាតិ ទៀតក៏នៅតែមិនឈ្នះដែរ ហើយកាន់តែធ្វើឱ្យសម រង្ស៊ី បរាជ័យក្នុងជីវិតនយោបាយរបស់ខ្លួនដែលចង់ បានឈ្មោះជាអ្នកប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្តែពេលនេះសម រង្ស៊ី គ្រាន់តែជាមេឧទ្ទាម និងជាជនក្រៅច្បាប់ម្នាក់តែប៉ុណ្ណោះ និងមានឈ្មោះថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមជាមួយចៅហ្វាយនាយ របស់ខ្លួន។ ឈ្មោះជាជនក្បត់ជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនេះនឹងត្រូវឆ្លាក់ជាប់ក្នុងប្រវត្តិសាស្ត្រ
កម្ពុជារាប់រយឆ្នាំទៅមុខទៀត៕

ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨