​(ភ្នំពេញ)៖ គេធ្លាប់តែស្តាប់បទចម្រៀងរបស់លោកស៊ិន ស៊ីសាមុត មានចំណងជើងថា «ចាំអូន ៤ រដូវ»ដែល ពិពណ៌នាពីការរង់ចាំនារីម្នាក់អស់៤រដូវ។ ចម្រៀងនេះបានឱ្យគេដឹងថា នៅប្រទេសបារាំងមានរដូវ៤ ក្នុងមួយឆ្នាំគឺរដូវស្លឹកឈើជ្រុះ រដូវរងា រដូវផ្ការីក និងរដូវក្តៅ។ ចំណែកនៅប្រទេសកម្ពុជាមានមានរដូវពីរធំៗតែប៉ុណ្ណោះ ប៉ុន្តែឆ្នាំខ្លះ រដូវស្រុកខ្មែរនឹងកើនដល់ ៣ ក្នុងនោះមានរដូវប្រាំង រដូវវស្សា និងរដូវតវ៉ា គឺនៅពេលមានការរៀបចំការបោះឆ្នោត។ នៅរយៈពេលប៉ុន្មានខែមុនពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា មកដល់នេះ គេឃើញមានចលនានៃការតវ៉ាលើរឿងដីធ្លី បានកើនឡើងនៅតាមបណ្តាខេត្តមួយចំនួនរហូតមកតវ៉ាដល់មុខផ្ទះនាយករដ្ឋមន្ត្រី និងនៅតាមក្រសួងស្ថាប័ននានា។​ តាមប្រភពព័ត៌មាន ការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋខ្លះនេះត្រូវបានរៀបចំឡើងដោយមានក្រុមសង្គមស៊ីវិល និងជនខិលខូចមួយចំនួននៅពីក្រោយខ្នង ហើយមានក្រុមជនខិខូចនិងជនឱកាសនិយមខ្លះដែលមិនមែនជាជនរងគ្រោះពិតប្រាកដក៏បានរៀបចំឱ្យមានការតវ៉ាដែរដោយយកទ្រឹស្តីឈ្នះបានដី ចាញ់បានលុយមកអនុវត្ត។

​នៅពេលដែលការបោះឆ្នោតម្តងៗ ចលនានៃការញុះញង់ប្រជាពលរដ្ឋឱ្យមកតវ៉ានេះ មានការកើនឡើង ដោយក្រុមអង្គការក្រៅរដ្ឋាភិបាល ធ្វើការងារលើផ្នែកសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសហគមន៍កសិករមួយចំនួន ដោយពួកគេជឿថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនឹងដោះស្រាយជូនប្រជាពលរដ្ឋដើម្បី ទាញយកការគាំទ្រនៅពេលបោះឆ្នោត។ ប៉ុន្តែធាតុពិត កាលដែលពួកគេញុះញង់ប្រជាពលរដ្ឋឱ្យចេញមកតវ៉ា និងមិនឱ្យប្រជាពលរដ្ឋទទួលយកនូវដំណោះស្រាយរបស់អាជ្ញាធររដ្ឋាភិបាលនេះ គឺក្រុមអង្គការសង្គមស៊ីវិលនៅពីក្រោយខ្នងនៃការតវ៉ាមានចេតនាចិញ្ចឹមទំនាស់ទុកដើម្បីបម្រើផលប្រយោជន៍នយោបាយចៅហ្វាយនាយ បរទេសរបស់ពួកគេដែលឈរនៅពីក្រោយក្រុមអ្នកនយោបាយប្រឆាំង។ មិនតែប៉ុណ្ណោះដើម្បីវាយប្រហារ លើការដឹកនាំរបស់រាជរដ្ឋាភិបាលថាគ្មានប្រសិទ្ធភាព និងបង្កឱ្យប្រជាពលរដ្ឋនៅតែមានជម្លោះដីធ្លី និងពលរដ្ឋ ខ្លះត្រូវបានគេរំលោភបំពាន។ នេះគឺជារបៀបនៃការធ្វើសោកនាដកម្មស្ថានភាពពិតនៅកម្ពុជា ដោយបំភ្លៃ បំផ្លើស និងបំភ័ន្តមតិសាធារណៈ ខុសពីការពិតជាក់ស្តែង។

​តាមពិត សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដគឺតែងតែទទួលបាននូវដំណោះស្រាយ សមស្របពីអាជ្ញាធររាជរដ្ឋាភិបាល។ ចំពោះបងប្អូន ប្រជាពលរដ្ឋខ្លះដែលមានការខ្វះដីធ្លីពិតប្រាកដ អាចនឹងដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល។ ប៉ុន្តែគួរឱ្យអាណិតបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបានមកតវ៉ាតាមការញុះញង់របស់អង្គការសង្គមស៊ីវិល និងបុគ្គលមួយចំនួនបង្កប់នូវនិន្នាការនយោបាយលម្អៀងរកក្រុមអ្នកនយោបាយប្រឆាំង ឬក្រុមជនខិលខូច។ ពួកគាត់ជឿលើអ្វីដែលក្រុមសង្គមស៊ីវិល និងក្រុមជនខិលខូចបានលួងលោម និងញុះញង់ ប៉ុន្តែពួកគាត់មិនបានដឹងទេថាផលប្រយោជន៍ដ៏ក្រាស់ក្រែលគឺបានទៅអ្នកដែលនៅពីក្រោយខ្នងនៃការតវ៉ារបស់ពួកគាត់ ដោយពួកគេទទួលបានជំនួយបន្ថែមពីចៅហ្វាយនាយបរទេសរបស់ពួកគេ និងអាចបំពេញនូវផែនការលាក់ មុខរបស់ក្រុមអ្នកនយោបាយប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេក្នុងការសម្រេចក្តីស្រម៉ៃនៃការឡើងកាន់អំណាចនៅកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ។

ទោះបីយ៉ាងណា ទង្វើទុច្ចរិត ផែនការដ៏អាក្រក់នេះមិនត្រូវទទួលបាននូវជោគជ័យឡើយ ព្រោះគ្រប់គ្នាបានដឹងពីសកម្មភាពទាំងនេះ ព្រមទាំងចាត់វិធានការទប់ ស្កាត់បានទាន់ពេលវេលា និងឈានទៅដល់ការវែកមុខរកអ្នកនៅពីក្រោយខ្នងនៃការញុះញង់ និងបង្កចលាចលសង្គមនេះដើម្បីប្រឈមមុខច្បាប់ និងដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ និងជាពិសេសដើម្បីធ្វើឱ្យកម្ពុជាមានរដូវតែពីរពិតប្រាកដគឺរដូវប្រាំងនិងរដូវវស្សាមិនមានរដូវតវ៉ាពេលបោះឆ្នោតទៀត៕

ដោយចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨