(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យប្រតិភូ គណៈកម្មការសាសនាវៀតណាម ចំនួន១០រូប ដឹកនាំដោយលោក ជិន ឌឹកធិច (TRẦN ĐỨC THỊNH) អនុប្រធានមន្ទីរមហាផ្ទៃ និងជាប្រធានគណៈកម្មការសាសនាខេត្ត ប៊ីញ ហ្សឿង ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងធម្មការ និងសាសនា។

ក្នុងកិច្ចជំនួបខាងលើ ភាគីមិត្តវៀតណាម បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា ឲ្យមានកម្មវីធីផ្លាស់ប្តូរបទពិសោធន៍ រវាងគណៈសង្ឃទាំងពីរនិកាយ របស់កម្ពុជា ជាមួយគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម លើវិស័យសាសនា ដើម្បីជួយឲ្យការងារគ្រប់គ្រងរដ្ឋលើវិស័យសាសនានៃប្រទេសទាំងពីរ ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចបាននូវការរីកចម្រើនថ្មីៗ ក្នុងការរួមវិភាគទានពង្រឹង និងពង្រីទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ជាប្រយោជន៍រួមរបស់ប្រជានជន នៃប្រទេសទាំងពីរ ព្រមទាំងរក្សាភាពក្សេមក្សាន្ត ភាពថ្លៃថ្លូរ និងសន្តិភាពសម្រាប់មនុស្សជាតិ។

បន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសាសនារួចមក ស្ថាប័នគ្រប់គ្រងសាសនា នៃប្រទេសទាំងពីរ បានរៀបចំឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីដកស្រង់បទពិសោធន៍លើការងារសាសនា។

ក្រសួងធម្មការ និងសាសនា មានភារកិច្ចត្រូវបំពេញការងារថ្មីៗ បន្ថែមទៀតចំពោះមុខ ដើម្បីបម្រើកិច្ចដំណើរការធានាបានលទ្ធផល នៃការអនុវត្តការងារនេះកាន់តែប្រសើរ ដោយបានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖

*រៀបចំសេវាសាធារណៈរបស់ក្រសួងធម្មការ និងសាសនាឲ្យកាន់តែប្រសើរ
*រៀបចំច្បាប់ ស្តីពីការគ្រប់គ្រងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវសុំការណែនាំបន្ថែមពីថ្នាក់ដឹកនាំក្រសួងសម្រាប់ពេលខាងមុខ
*រៀបចំគោលនយោបាយជាតិ ស្តីពីវិស័យសាសនា
*រៀបចំក្រុមការងារបច្ចេកទេសក្រសួងលើគម្រោង ស្តីពីកិច្ចសហប្រតិបត្តិការទន្លេរមេគង្គ-ឡានឆាង ដោយសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
*រៀបចំបង្កើត និងគ្រប់គ្រងបណ្ណាល័យ សាលាពុទ្ធិក និងថែរក្សាបរិស្ថាន នៅតាមបណ្តាវត្តអារាមមួយចំនួន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីប្រែក្លាយវត្ត ជាកន្លែងទេសចរវប្បធម៌សាសនា
*ពង្រឹង និងពង្រីកការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងថែរក្សាសុខដុមនីយកម្មខាងជំនឿនៅកម្ពុជា
*ស្រាវជ្រាវ ចងក្រង និងបោះពុម្ពនូវកម្រងឯកសារប្រវត្តិជនជាតិដើមភាគតិច នៅកម្ពុជាពិសេសនៅតាមខេត្តព្រំដែន ដូចជាខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ៕