(ភ្នំពេញ)៖ គណៈកម្មាធិការ​អន្តរក្រសួង សម្រាប់គម្រោង​អភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាមួយ ផ្សព្វផ្សាយគោល​នយោបាយ ស្តីពីការលើកទឹកចិត្ត និងបង្កើតកម្មវិធី​ជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលត្រូវបានអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​​ជូនដំណឹងស្ដីពីការអញ្ជើញ​ដាក់សំណើគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ​សម្រាប់ ដំណាក់កាលទី១​។

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ​លោក រស់ សីលវ៉ា អនុរដ្ឋ​លេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ​អន្តរក្រសួង​សម្រាប់ការ​អភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះ មានការចូលរួមពីតួអង្គពាក់ព័ន្ធ​សំខាន់ៗ ​ដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនសាងសង់, វិស័យឯកជន, និងអង្គការក្រៅ​រាជរដ្ឋាភិបាល​ផងដែរ។

លោក រស់ សីលវ៉ា បានស្វាគមន៍ ចំពោះអ្នកចូល​រួមទាំងអស់ និងបានគូសបញ្ជាក់សារថ្មី​ពីគោលបំណង នៃគោលនយោបាយ ស្តីពីការ​លើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានគិតគូរ​ក្នុងការរួមចំណែកលើកកម្ពស់ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ​របស់ប្រជាជនកម្ពុជា​ជាទូទៅ និងជាពិសេសក្រុមគ្រួសារ​មានប្រាក់ចំណូលទាប និងមធ្យម​ ព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើត​កាលានុវត្តភាពថ្មីមួយនេះ ដែលក្រុម​គ្រួសារ​ទាំងនោះ មានលទ្ធភាពខ្ពស់ជាងមុន ក្នុងការ​ទទួលបានលំនៅឋានសមរម្យ ជាមួយ​​តម្លៃ​ដែលអាចឆ្លើយតប​លទ្ធភាព​ចំណូល​របស់ខ្លួន។​

ម្យ៉ាងវិញទៀត ការដាក់ចេញ​នូវគោលនយោបាយនេះ ក៏សំដៅ​រួមចំណែកទ្រទ្រង់ ដល់សកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចលករកំណើនសេដ្ឋកិច្ចកន្លងមក ព្រម​ទាំងក្លាយជាផ្នែកមួយ​នៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោល​នយោបាយ សម្រាប់គាំទ្រការអនុវត្ដ យុទ្ធសាស្រ្ដ អភិវឌ្ឍប្រទេសរយៈពេលវែង។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​បានដាក់ចេញនូវយន្តការ​អន្តរាគមន៍ ក្នុងនោះរួមមាន៖ ទី១៖​កញ្ចប់​វិធានការលើកទឹកចិត្ដផ្នែកសារពើពន្ធ, ទី២៖ផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគ​សាធារណៈ និងទី៣៖​ផ្នែកនិយត​កម្ម។

ដើម្បីទទួលបានការលើកទឹកចិត្តទាំងនេះ គណៈ​កម្មាធិការ​ការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍលំនៅឋាន តម្លៃសមរម្យ បានជូនដំណឹង និងអញ្ជើញក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគទាំងអស់​ដាក់សំណើទស្សនទាន គម្រោង​អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

សំណើទស្សនាអភិវឌ្ឍន៍គម្រោងនេះ នឹងក្លាយជាមូលដ្ឋាន​សម្រាប់ការវាយតម្លៃដំណាក់កាលទី១ ក្នុង​ការពិនិត្យលើសមត្ថភាពរបស់ម្ចាស់សំណើគម្រោង និងទស្សនាទាន នៃការអភិវឌ្ឍគម្រោង។ ជាកិច្ចបន្ទាប់​នៅក្នុងដំណាក់កាលទី២ គណៈ​កម្មាធិការ នឹងវាយតម្លៃលើសំណើគម្រោងលម្អិត ដោយផ្តោតលើទិដ្ឋភាពបច្ចេកទេស និង​ហិរញ្ញវត្ថុរបស់សំណើគម្រោង​មុននឹងឈានដល់ការ​សម្រេចផ្តល់ការលើកទឹកចិត្ត ដោយរាជរដ្ឋាភិបាល​។

លោក រស់ សីលវ៉ា បានរំលឹកតួអង្គ​ពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមហ៊ុន មានបំណង​ចង់សាងសង់លំនៅឋានតម្លៃសមរម្យ និងទទួលបានការលើកទឹកចិត្តពីរដ្ឋ តាមគ្រប់រូបភាព​ទាំងអស់ សូមដាក់សំណើ​ទស្សនាទានអភិវឌ្ឍន៍គម្រោងមកគណៈកម្មាធិការ ដើម្បីពិនិត្យ និងវាយតម្លៃ ហើយស្នើឲ្យធ្វើការជិតស្និត ជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីនីតិវិធី និងការបំពេញទម្រង់បែបបទពាក់ព័ន្ធផ្សេងៗ​៕​