(តាកែវ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យប្រជាពលរដ្ឋទាំងអស់ សូមកុំខឹងគោវាយរទេះ សូមកុំខឹងមេភូមិម្នាក់នៅមូលដ្ឋាន ហើយមកស្អប់ដល់ សម្ដេចដែលជានាយករដ្ឋមន្ដ្រីទៅវិញ ដែលវាហាក់ដូចជាមិនសមហេតុផលទាល់តែសោះត្រង់ចំណុចនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រៀបធៀបថា ​ត្រឹមមួយគ្រួសារពិបាកគ្រប់គ្រង់ណាស់ទៅហើយ ចុះទម្រាំសម្តេចដឹកនាំមនុស្សរាប់លាន ប្រាកដជាមានបញ្ហាចន្លោះប្រហោងហើយ ប៉ុន្ដែតែត្រូវមានការថ្លឹងថ្លែង និងពិចារណាថា តើការដឹកនាំរបស់សម្តេចរវាងគុណសម្បត្តិ និងគុណវិបត្តិមួយណាធំជាង។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ​សរុ​ប១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំស្នើថា សុំកុំខឹងគោវាយរទេះ ខឹងមេភូមិមកជេរហ៊ុន សែន ដែររឿងនេះវាដូចលំបាកពេកហើយ។ ទាស់គ្នាជាមួយមេភូមិ មកជេរ ហ៊ុន សែន»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានទទួលស្គាល់ថា មានមន្ដ្រីជើងក្រោមរបស់សម្ដេចមួយចំនួនតូច បានប្រព្រឹត្តិទង្វើខុសឆ្គងផ្សេងៗទៅលើប្រជាពលរដ្ឋ ដែលចំណុចនេះ សម្ដេចក៏សុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ជាពីប្រជាពលរដ្ឋផងដែរ។ ចំណុចទាំងអស់នេះ រាជរដ្ឋាភិបាលនឹងធ្វើការពិនិត្យ និងពិចារណាឡើងវិញផងដែរ។

និយាយដល់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់រឿង ការចាប់ខ្លួនអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារផងដែរ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ដែលពាក់ព័ន្ធ​ករណីធ្វើឃាតកម្មលើស្ត្រីឈ្មោះ ចេវ​ សុវឌ្ឍនា ដែលជានារីកំណាន់របស់ លោក ឡាយ វណ្ណៈ នៅក្នុងខេត្តតាកែវ៕