(តាកែវ)៖ ស្របពេលរដូវកាលប្រកួតបាល់ទាត់ពិភពលោក កំពុងដំណើរប្រកួតបានប្រមាណមួយសប្ដាហ៍ហើយនោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាយកចិត្តខ្លាំងទៅលើវិស័យបាល់ទាត់នេះដែរនោះ ក៏បានអំពាវនាវដល់អ្នកគាំទ្រវិស័យមួយនេះ កុំឲ្យមានការភ្នាល់បាល់ក្នុងរដូវកាលប្រកួតនេះអី ពោលគ្រាន់ទេទស្សនាទៅបានហើយ។

ការអំពាវនាវពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅក្រុងដូនកែវ ខេត្តតាកែវ។​

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ចង់ភ្នាល់គ្នានោះ សុំភ្នាល់ត្រឹមតែថ្ពូកដៃគ្នាហើយ កុំភ្នាល់ដាក់លុយឲ្យសោះ ព្រោះការភ្នាល់ដាក់មិនមែនជាកត្តាល្អនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមមេត្តាអំពាវនាវកុំឲ្យនាំគ្នាលេងភ្នាល់ ហើយបើសិនជាភ្នាល់គ្រាន់តែភ្នាល់ថ្ពូកដៃបានហើយ កុំភ្នាល់លុយអី»

សូមជម្រាបថា ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០១៨នេះ ប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដោយបានចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលការប្រកួតនេះត្រូវបានគេប្រារព្ធឡើងនៅក្នុងទីក្រុងទាំង១១ ក្នុងនោះរួមទាំងរដ្ឋធានីមូស្គូស ទីក្រុងល្បីល្បាញ ផេធ័របឺ (Petersburg) និងទីក្រុង សូជី (Sochi) ផងដែរ។

អ្នករៀបចំការប្រកួត World Cup រំពឹងថាអ្នកគាំទ្របរទេសអាចនឹងមានចំនួនប្រមាន ៥៧០ពាន់នាក់ និងជនជាតិរុស្ស៊ីប្រហែល៧០០ពាន់នាក់ ដែលនឹងចូលរួមទស្សនា ការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ី ដែលនាំឱ្យមានភាពរីកចម្រើនលើវិស័យទេសចរណ៍ រាប់ទាំងសណ្ឋាគារ ភោជនីយដ្ឋាន។ ដោយឡែកសេវាកម្មផ្នែក ដឹកជញ្ជូនអ្នកដំណើរ ក៏នឹងទទួលបានប្រាក់ចំណូលច្រើនដូចគ្នា៕