(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅអ្នករិះគន់ថា សម្តេចគិតគូរពីកម្មករច្រើនជាងកសិករនោះ គឺជាអ្នកមិនទាន់ស្គាល់សម្តេចច្បាស់នៅឡើយទេ។

ការលើកឡើងរបស់ សម្តេចតេជោ បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៧ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

ថ្ងៃ២០ មិថុនា គឺជាខួប៤១ឆ្នាំ ដែលសម្តេចតេជោ និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបទៀត ផ្សងគ្រោះថ្នាក់ទៅប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិ ចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ទៅអ្នកដែលបាយវាយប្រហារសម្តេចថា ជួបតែកម្មករ មិនសូវចុះជួបកសិករ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកទាំងឡាយដែលមិនយល់អំពីហ៊ុនសែន មិនស្គាល់អំពី ហ៊ុន សែន ឬកើតមិនទាន់ ហ៊ុន សែន ហើយដែលរយៈពេលចុងក្រោយនេះ បាននិយាយថា ហ៊ុន សែន ស្រលាញ់កម្មករជាងកសិករ ដូច្នេះគួរតែត្រូវបានសិក្សាអំពីប្រវត្តិឯកសារទាំងឡាយ ដែលហ៊ុន សែន ពាក់ព័ន្ធជាមួយនឹងបញ្ហារបស់កសិករ មិនមែនគ្រាន់តែខេត្តតាកែវមួយទេ ក៏ប៉ុន្តែនៅខេត្តផ្សេងៗទៀត ប៉ុន្តែគ្រាន់តែខេត្តតាកែវនេះ បានធ្វើដំណើរមកច្រើន»

សម្តេចតេជោ ហ៊ុន សែន គឺជាកូនកសិករ ដែលមានស្រុកកំណើត នៅខេត្តកំពង់ចាម។ សម្តេចជាមេដឹកនាំមួយរូប ដែលបានបង្ហាញខ្លួន នៅគ្រប់ទីកន្លែងតាមបរិបថ នៃការវិវឌ្ឍរបស់ប្រទេសជាតិ។

នៅពេលមានសង្គ្រាម គ្រប់គ្នាបានឃើញពាក់ឯកសណ្ឋានកងទ័ព នៅឯខ្សែត្រៀមជួរមុខ ដើម្បីដោះស្រាយការលំបាករបស់កងទ័ព និងប្រជាជនដែលរស់នៅ ក្នុងតំបន់នៃការប្រយុទ្ធ​។ គ្រប់គ្នាក៏ឃើញសម្តេចពាក់អាវក្រវ៉ាត់ក នៅឯក្រៅប្រទេស ដើម្បីចរចារកដំណោះស្រាយនយោបាយ សម្រាប់បញ្ចាប់សង្រ្គាម។ ក្នុងពេលជាមួយគ្នានេះ គ្រប់គ្នាក៏បានឃើញសម្តេចនៅតាមវាលស្រែ ធ្វើវេទិការសាធារណៈនៅតាមវាលស្រែជជែកជាមួយកសិករ ហើយរៀបចំការធ្វើប្រឡាយទឹកផងដែរ៕