(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីខេត្តត្បូងឃ្មុំ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជានឹងប្រារព្ធពិធី «​ទិវាចងចាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត» ជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានា របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិតដើម្បីជាតិមាតុភូមិ ត្រូវយកទៅឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ បានសិក្សារៀនសូត្រ ពីប្រវត្តិនៃការតស៊ូរបស់សម្តេចតេជោ ផងដែរ។

ប្រមុខការពារជាតិកម្ពុជា បានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចូលរួមក្នុងពិធី «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧, ២០ មិថុនា ២០១៨» ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ការប្រារព្ធពិធីដំណើរឆ្ពោះ ទៅការផ្តួលរំលំរបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវតែរំលឹកធ្វើជារៀងរាល់ឆ្នាំ ដំណើរឆ្ពោះទៅរកប្រល័យពូជសាសន៍ ដែលធ្វើឡើង នៅភូមិកោះថ្មនាពេលនេះថា រាល់ឯកសាររបស់សម្តេចត្រូវ បានយកឆ្លាក់នៅជញ្ជាំង វិមានឈ្នះ-ឈ្នះ សម្រាប់ទុកឱ្យកូនចៅជំនាន់សិក្សារៀនសូត្រពីប្រវត្តិរបស់សម្តេច»។

សម្តេចពិជ័យ បានបន្តថា ថ្ងៃនេះជាខួប៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានធ្វើដំណើរឆ្ពោះផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ដែលបានជួយទំនុកបម្រុងដល់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៧០ ក្នុងពេលដែលសម្តេច បានឆ្លងកាត់និងស្នាក់ទីនេះ រហូតបានធ្វើដំណើរឆ្លងកាត់ទៅប្រទេសវៀតណាម ដើម្បីសុំការអន្តរាគមនពីសំណាក់កងទ័ពប្រជាជនវៀតណាម មកផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតឈានដល់ផ្តួលរំលំរបប វាលពិឃាតសម្លាប់ជាតិឯង ដោយជោគជ័យ និងបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ រហូតដល់បច្ចុប្បន្ននេះ ផងដែរ៕