(ភ្នំពេញ)៖ ​សម្រាប់បងប្អូនរស់នៅក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលចូលចិត្តញ៉ាំកាហ្វេប្រែនៗ គឺលែងមានការលំបាកទៀតហើយ ខណៈហាងកាហ្វេល្បីឈ្មោះ ​អារ៉ាប៊ីធា «ARABITIA» ដែលជាហាងកាហ្វទំនើប ​​​​បំពាក់នូវ​សម្ភារៈទាន់សម័យ ប្លែកពីគេ និងជាសាខាទី១៨​ ផ្លូវផ្សារដីហុយ (សាខាភ្នំពេញថ្មី) ដោយបានចំណាយទុន ប្រ​មាណជាង២២ម៉ឺនដុល្លារអាមេរិក ដើម្បីស្ថាបនា និងរចនាយ៉ាងល្អឥតខ្ចោះនោះ បានបើកសម្ពោធដំណើរហើយ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីសំណាក់ តំណាងរបស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ​, លោក លឹម ហួរ និងលោកស្រី ផាន់ ដានី ​ម្ចាស់ហាងកាហ្វេ «Arabitia» សាខាផ្លូវផ្សារដីហុយ ​ព្រមទាំងលោក លោកស្រី ដែលជាពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ទៀត។

លោកស្រី ​ផាន់ ដានី ​ម្ចាស់ហាងកាហ្វេ «Arabitia» ​សាខាទី១៨ បានថ្លែងឲ្យដឹងថា​ ការជ្រើសរើសទីតាំង ផ្លូវផ្សារដីហុយ ដែលបងប្អូនតែងតែហៅតៗគ្នាថា ផ្លូវហាណូយ នេះ គឺជាទីតាំងល្អ​ ព្រោះជាកន្លែង​ប្រមូលផ្ដុំទៅដោយ អ្នកមានជីវភាពធូរធា ហើយនៅតាមបណ្ដោយផ្លូវធំ ងាយស្រួលរក ខណៈពួកគេតែងតែប្រើទីតាំងហាងកាហ្វេ ដើម្បីណាត់ជួបគ្នា ពិភាក្សាការងារ និងទំនាក់ទំនងធ្វើជំនួញផ្សេងៗ ក្នុងបរិយាកាសមួយ ដ៏សមរម្យបំផុត។

លោកស្រីបន្តថា ជាការពិតគោលដៅ ដែលជំរុញឲ្យពីអតិថិជន មានការផ្ដល់ទំនុកចិត្ត គឺហាងកាហ្វេ និងនាំផលិតផលរបស់ខ្លួន ឲ្យកាន់តែកៀកដល់ដៃអតិថិជន អាចបំពេញតម្រូវការយ៉ាងឆាប់រហ័ស និងធានាបាននូវរសជាតិដើម ជាមួយនឹងសេវាកម្មកាន់តែល្អ នៅគ្រប់សាខាទាំងអស់ ដែលនេះជាការតាំងចិត្ត រយៈពេលវែងចំពោះអតិថិជន។ អ្វីដែលពិសេសជាងនេះ គឺហាងបានចំណាយទុន ដើម្បីធ្វើការរចនាស្អាត គួរជាទីទាក់ទាញអតិថិជន ដោយចាយអស់ប្រមាណ ជាង២២ម៉ឺនដុល្លារ ក្នុងការរៀបចំឲ្យរួចរាល់។

​ម្ចាស់ហាងកាហ្វេ «Arabitia» ​ដដែល បានថ្លែងឲ្យដឹងថា ជាការពិតណាស់នៅតំបន់នេះ មានហាងកាហ្វេល្បីៗជាច្រើន បានរីកដុះដាលព្រោងព្រាត​ ប៉ុន្តែហាងកាហ្វេទាំងនោះ មានគោលដៅ ទៅលើអតិថិជនខុសៗគ្នា ហាងកាហ្វេខ្លះ ផ្ដោតសំខាន់លើមនុស្សចាស់ និងហាងខ្លះ ផ្ដោតសំខាន់លើយុវវ័យ ប៉ុន្តែសម្រាប់ហាងកាហ្វេ «Arabitia» ​គឺជាហាងមានប្រែនល្បីស្រាប់ ហើយយើងមានគោលដៅ ផ្ដោតសំខាន់លើមនុស្សគ្រប់វ័យទាំងអស់ មិនថាចាស់ ក្មេង យុវវ័យ ឬមនុស្សក្នុងឋានៈណានោះទេ ពោលគឺយើងមានការរចនា ផ្ទៃហាង​ទាំងមូល តម្រូវតាមចិត្តអតិថិជន ទាំងអស់។

ម្យ៉ាងវិញទៀត អ្វីដែលលោកស្រី​ មិនបានភ័យព្រួយ ចំពោះការ​ប្រកួតប្រជែងលើទីផ្សារកាហ្វេ នាពេលបច្ចុប្បន្ននេះ គឺហាង «Arabitia» បានយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃរសជាតិ អនាម័យ តម្លៃ និងសេវាកម្មដ៏ល្អ ដល់អតិថិជនទាំងអស់ ខណៈដែលហាង ក៏មានបម្រើជូន នូវម្ហូបអាហារបែបអាស៊ី និងអឺរ៉ុប ​មានរសជាតិឆ្ងាញ់ ទាំង៣ពេល ជូនដល់អតិថិជន ផងដែរ។

សូមបញ្ជាក់ថា ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។

ហាងកាហ្វេល្បីឈ្មោះ ​អារ៉ាប៊ីធា «ARABITIA» សាខាថ្មីនេះ មានទីតាំងស្ថិតនៅ​​លើ បណ្តោយផ្លូវ​​លេខ១០១៨ ​សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ហើយជាមួយនឹងការ បើកសម្ពោធសាខាថ្មីនេះ (សាខាទី១៨) កាហ្វេ អារ៉ាប៊ីធា «​ARABITIA» ​ក៏មាន​នូវប្រម៉ូសិនពិសេសៗ ​គឺទិញមួយកែវ ថែមជូនមួយកែវ រហូតដល់ថ្ងៃទី២២ ខែមិថុនា ផងដែរ៕