(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំបាឋកថាស្តីពី «ការអភិវឌ្ឍវិស័យមុខងារសាធារណៈកម្ពុជា» ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមុខងារសាធារណៈ និងយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមុខងារសាធារណៈ ប្រមាណ៣០០​នាក់ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល​។

ការរៀបចំបាឋកថានេះ គឺមានគោលបំណងដើម្បី​ពង្រឹងសមត្ថភាព និងពង្រីកការយល់ដឹងបន្ថែមជូនដល់យុវជន និងមន្ត្រីរាជការក្រសួង និងដើម្បីចែករំលែក ពី​កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល៥ឆ្នាំ (២០១៣-២០១៨) នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារ​សាធារណៈ ជាសេនាធិការ។​

លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ជូនអង្គពិធីថា​ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យត្រឹមត្រូវ និងវែងឆ្ងាយរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ត្រូវបានដំឡើងជាក្រសួងមុខងារសាធារណៈ នៅឆ្នាំ២០១៣ ដែលក្នុងនោះបានរួមបញ្ចូលអតីតអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងក្រសួងតែមួយ។

លោក ពេជ្រ ប៊ុនធិន បានលើកឡើង​ថា​ ការងារកែទម្រង់បានចាក់ឫសគល់យ៉ាងជ្រៅ នៅក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសចាប់តាំងពីពេល ក្រោយ​ការរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានឆ្លងកាត់ការកែទម្រង់របបសេដ្ឋកិច្ចជាតិ ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ខណៈដែលស្ថាប័ននយោបាយកំពុងផ្លាស់ប្តូរជាបណ្តើរៗ និងបានបន្តរហូតការដាក់ឲ្យដំណើរការគ្រប់ជ្រុងជ្រោយ នូវកម្មវិធីកែទម្រង់ទៅតាមគ្រប់វិស័យ ឲ្យស្របទៅតាមឧត្តមានុវត្តន៍ជាអន្តរជាតិ រហូតដល់បច្ចុប្បន្ន។ សមិទ្ធ​ផលទាំងអស់នេះ មិនអាចកើតមានដោយឯកឯង ឬគ្មានការលះបង់កម្លាំងកាយ ចិត្តបានឡើយពីសំណាក់យុវជនជំនាន់មុនៗ។

សមិទ្ធផលទាំងអស់ ជាសមិទ្ធផលជាក់ស្តែង ដែល​បានឃើញទាំងអស់គ្នា មានដូចជា៖ កម្ពុជា​ជាប្រទេសមានចំណូលមធ្យមកម្រិតទាប បន្ទាប់ពីសម្រេចបាន កំណើនសេដ្ឋកិច្ចជាមធ្យម​៧% ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ហើយ​​គ្រោងសម្រេចឲ្យបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ សម្រេចបាននូវការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធច្រើនជាង​១លានរៀល ចាប់ពីឆ្នាំ២០១៨ ក្នុងនោះគ្រូបង្រៀន និងគ្រូពេទ្យទទួលបានច្រើនជាង ១លាន១សែនរៀល គឺប្រហាក់​ប្រហែល​ប្រទេសភាគច្រើនក្នុងតំបន់ និងអត្ថប្រយោជន៍ផ្សេងៗទៀត ព្រមទាំងបើកបៀវត្សបានទាន់​ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ នៃការជំរុញការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ គឺការកសាងរដ្ឋបាលសា​ធារណៈឲ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាពក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង​។

ដូចនេះ ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការ ជាថ្នាក់ដឹកនាំក្នុងការបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ គឺជាវិធានការបន្ទាន់ និងអាទិភាពបំផុតមួយ ព្រោះមន្រ្តីរាជការដែលជាយុវជន គឺជាឆ្អឹងខ្នងនៃរដ្ឋបាលសាធារណៈ ហើយក៏ជាតួអង្គដ៏សំខាន់បំផុត នៅក្នុងការ​ចូលរួមសម្របសម្រួល ការអនុវត្តគោលនយោបាយ និងកម្មវិធីជាតិនានារបស់រាជរដ្ឋាភិបាល ដើម្បីធានាពីភាពជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោករដ្ឋមន្ដ្រី បានលើកទឹកចិត្ត និងផ្តាំផ្ញើឲ្យយុវជន និងមន្ត្រីរាជការទាំងអស់ក្នុងពិធីនេះ យកចិត្តទុកដាក់ ខិតខំស្វែងយល់អំពីអត្ថន័យពិតប្រាកដ នៃការងារកែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់មតិយោបល់កែលម្អដល់ការងារកែទម្រង់ក្នុងស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវចំពោះជោគវាសនា នៃប្រទេសជាតិរបស់ខ្លួន, ចូលរួមគាំទ្រ និងពង្រីកការយល់ដឹងភាពជាចាំបាច់ នៃការកែទម្រង់របស់រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយថែមទៀត ទៅកាន់មជ្ឈដ្ឋានរបស់ខ្លួន, ពិនិត្យលទ្ធភាពចូលរួមដោយផ្ទាល់ និងដោយស្មារតីនៃភាពជាម្ចាស់ ក្នុងការងារកែទម្រង់ របស់រាជរដ្ឋាភិបាល ក្នុងករណីយកិច្ចនីត្យានុកូលនានាក្នុងនាមជាពលរដ្ឋ និយោជិក ធុរជន សហគ្រិន មន្ត្រីរាជការ អ្នកនយោបាយអាស្រ័យ តាមអង្គវិជ្ជាជីវៈរបស់ខ្លួនរៀងៗខ្លួន

ជាមួយគ្នានេះ លោក ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍ស.ស.យ.ក បានគូសបញ្ជាក់ថា ការរៀបចំបាឋកថានេះ ជាឱកាសដ៏កម្រមួយដែលក្រសួងមុខងារសាធារណៈសាលាភូមិន្ទរដ្ឋបាល និងក្រុមការងារ ស.ស.យ.ក វិស័យមុខងារសាធារណៈ បានប្រមូលផ្តុំបង្កើតជាបាឋកថា ក្នុងក្របខ័ណ្ឌរួមដើម្បីចែករំលែកបទពិសោធន៍ ដល់យុវជនដែលជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់ប្រទេស​ជាតិ៕