(ភ្នំពេញ)៖ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានថ្លែងបញ្ជាក់ថា ក្រោយពីប្រកួតលើកទី១ ប្រកបដោយភាពចជោគជ័យ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិលើកទី២ ដើម្បីបញ្ជូនទៅក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលជាកីឡាករជម្រើសជាតិ២០១៩។

លោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា តំណាងឲ្យលោក គុជ គឹមឡុង ជាប្រធានសហព័ន្ធបានថ្លែងថា សហព័ន្ធនេះបានបង្កើតអស់រយៈពេល២ឆ្នាំមកហើយ ដោយមានកិច្ចសហការ និងការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិច្ចជ្រោមជ្រែងក្រសួងអបរំ ជាពិសេសការគាំទ្រពីហាជនមជ្ឈដ្ឋានទូទៅ នាំឲ្យវិស័យនេះកំពុងដំណើរការទៅបានរហូតមក។

លោក ឃាង ពីវ បានបន្តថា នេះជាលើកទី២ហើយ ដែលសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងគោលបំណងចំរាញ់យក កីឡាករល្អៗ ត្រៀមខ្លួន ទៅប្រកួតក្នុងព្រឹត្តការ អាស៊ានហ្គែម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងកោតសរសើរ ដល់សហព័ន្ធដែលបានខិតខំ រហូតមានភាពរីកចម្រើន និងទទួលបានការគាំទ្រទាំងថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។

លោកបានអំពាវនាវឲ្យកីឡាករ ទាំងអស់បន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែខ្លាំង ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ សំដៅលើកតម្កើងកេរ្តិ៍ឈ្មោះកីឡាអុកចត្រង្គរបស់កម្ពុជា។

សូមជម្រាបជូនថា ក្នុងរយៈពេល២ឆ្នាំនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ បាន២លើករួចមកហើយ ដោយកាលពីលកទី១ មានកីឡាករចំនួន៦ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលជាកីឡារជម្រើសជាតិ។

នៅក្នុងការប្រកួតលើកទី២ នេះមានកីឡាករចូលរួមសរុបចំនួន៤៨នាក់ មកពី១២ក្លឹប ដែលការប្រកួតត្រូវចែកចេញជា៦ពូល ដើម្បីជ្រើសរើសយកកីឡាករជើងឯក ចំនួន១៦នាក់ បញ្ជូនទៅក្រសួង អប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលជាកីឡាករជម្រើសជាតិ ដើម្បីត្រៀមលក្ខណ:សម្បត្តិក្នុងការចូលរួមប្រកួតអាស៊ានហ្គេមឆ្មាំ២០២៣ ខាងមុខដែលកម្ពុជា ទទួលកិច្ចជាម្ចាស់ផ្ទះ៕