(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានលើកឡើងថា សមាគមសម្ព័ន្ធខ្មែរ-ចិន នឹងសហការជាមួយធនាគារមួយចំនួន ដើម្បីបង្កើតជាឥណទានទាន់ចិត្ត ដើម្បីគាំទ្រអាជីវករក្នុងផ្សារ កែលម្អតូប និងអភិវឌ្ឍអាជីវកម្ម។

ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងពិធីពិសាបាយមិត្ដភាព ជាមួយបងប្អូនពាណិជ្ជករផ្សារ ក្នុងរាជធានីភ្នំពេញ សរុបចំនួនជាង២,០០០នាក់ ដែលបានរៀបចំធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងថា សមាគមសម្ព័ន្ធខ្មែរ-ចិន មានគំនិតផ្ដួចផ្ដើមរៀបចំពិធី «ពិសាបាយមិត្ដភាព» នេះឡើង គឺដើម្បីស្វែងយលពីតម្រូវការ និងការលំបាករបស់បងប្អូន អាជីវករផ្សារ ទាំងអស់, សមាគមសម្ព័ន្ធខ្មែរ-ចិន មានក្រុមសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងអាជីវកម្មផ្សារ។

ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានបន្ថែមថា ដូចនេះ ការស្គាល់គ្នាកាន់តែច្បាស់ ពង្រឹងទំនាក់ទំនងគឺជាការចាំបាច់ ប្រសិនជាអាជីវករផ្សារ មានបញ្ហាអ្វីត្រូវការសមាគមជួយ អាចទំនាក់ទំនងជាមួយ ក្រុមសម្របសម្រួលរបស់សមាគម។ សមាគម នឹងខិតខំជួយតាមលទ្ធភាព ដែលអាចធ្វើទៅបាន។

អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានបញ្ជាក់ថា «សមាគមសម្ព័ន្ធខ្មែរ-ចិន នឹងសហការជាមួយធនាគារមួយចំនួន ដើម្បីបង្កើតជាឥណទានទាន់ចិត្ត ដើម្បីគាំទ្រអាជីវករក្នុងផ្សារ កែលម្អតូប និងអភិវឌ្ឍអាជីវកម្ម»

ជាមួយគ្នានោះ អ្នកឧកញ៉ា បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត ប្រទេសជាតិមានសុខសន្ដិភាព ស្ថេរភាពនយោបាយ ជីវភាពប្រជាជនធូរធារ និងនិរន្ដរភាព នៃការអភិវឌ្ឍ។

លើសពីនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានរំលឹកថា ក្នុងជំនួបពិសាបាយសាមគ្គី ជាមួយបងប្អូនកូនចៅចិន កាលពីខែមេសា ដែលរៀបចំធ្វើដោយសមាគមសម្ព័ន្ធខ្មែរ-ចិន សម្ដេចតេជោ បានប្រកាសនូវគំរោង បង្កើតមូលនិធិ គន្ធបុប្ផា ព្រមទាំងអំពាវនាវដល់ប្រជាជនទាំងអស់ ចូលរួមសកម្មភាពសប្បុរសធម៌ ដើម្បីទ្រទ្រង់នូវមន្ទីរពេទ្រសប្បុរសធម៌មួយនេះ ដើម្បីបន្ដកិច្ចការព្យាបាល និងសង្គ្រោះកុមារកម្ពុជាបន្ដទៀត។

ជាមួយគ្នានោះ អ្នកឧកញ៉ា ពុង ឃាវសែ សូមអំពាវនាវដល់អាជីវករទាំងអស់ ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកជួយដល់ដំណើរការ របស់មន្ទីរពេទ្យបន្ដនូវសកម្មភាពមនុស្សធម៌ ជួយព្យាបាល និងសង្គ្រោះកុមារក្រីក្រ នៅកម្ពុជា ឲ្យកាន់តែច្រើន។

សូមបញ្ជាក់ថា នេះជាលើកទី២ នៃការរៀបចំពិធី «ពិសាបាយមិត្ដភាព» ជួបជុំបងប្អូនអាជីវករផ្សារ, ឆ្នាំនេះ មានចំនួនលើសឆ្នាំមុន ១,០០០នាក់ គឺជាអាជីវករអញ្ជើញចូលរូមជាង ២,០០០នាក់ មកពីផ្សារក្នុងរាជធានីភ្នំពេញ និងភ្ញៀវកិត្ដិយសរបស់សមាគមប្រមាណ៥០០នាក់ទៀត សរុប២,៥០០នាក់៕