(ភ្នំពេញ​)៖ លោក ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានកោះ​ហៅ​ជនសង្ស័យ​ សម​ រង្ស៊ី​ ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ ពាក់ព័ន្ធ​ករណី​ប្រមាថ​ព្រះ​ចេស្តា​ ព្រះ​មហាក្សត្រ​។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ដែលបណ្តាញព័ត៌មាន Fresh News ទទួល​បាន​នៅ​ព្រឹកថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ២០១៨នេះ​ ។

សូម​បញ្ជាក់​ថា​ លោក​ អង្គ​ វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យ​តំណាង អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះលោកសម រង្ស៊ីដែលប្រមាថ ព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។

វិធានការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បាន​ធ្វើ​ឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបាន​ប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈបំផុត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះគឺជាព្រះរាជ សារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដមិនក្លែងក្លាយក៏ដោយ​ ៕