(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ​ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បានបង្ហើបប្រាប់និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ អំពីក្តីសុបិន្តធំប្រចាំឆាកជីវិត នោះគឺការប្រាថ្នាចង់ឃើញប្រជាពលរដ្ឋស្រុកព្រៃឈរ មានរស់នៅក្នុងជីវភាពល្អប្រសើរ ប្រកបដោយសេចក្តីសុខ សុភមង្គល ជាមួយក្រុមគ្រួសារ នៅក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា «ខ្ញុំមានជំនឿមុតមាំថា ថ្ងៃណាមួយបំណងប្រាថ្នារបស់ខ្ញុំ នឹងក្លាយជាការពិត ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស»

ការបង្ហើបឲ្យដឹងពីក្តីសុបិន្តនេះ បានធ្វើឡើងនាឱកាសដែល លោកអញ្ជើញចូលរួមអធិបតីភាព នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ទូទាំងស្រុកព្រៃឈរ ចំនួនជាង​៤០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី និងមន្ត្រីរាជការជាច្រើនរូប។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសឡើងវិញ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបាននូវសុខសន្តិភាពពេញបរិបូរ និងវឌ្ឍនភាពគ្រប់វិស័យ។

លោក បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាតិរឹងមាំ ហើយរាជរដ្ឋាភិបាលកំពុងបន្តដោះស្រាយបញ្ហាសង្គម សំដៅឆ្លើយតបក្តីកង្វល់ និងបំណងប្រាថ្នាភាគច្រើនរបស់ប្រជាជន តាមរយៈការបង្កើតមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ និងសេវាគាំពារសង្គមជូនប្រជាពលរដ្ឋទូទៅ រួមទាំងនិវត្តជនផងដែរ។

លើសពីនេះ លោក ប៉ាន សូរស័ក្ដិ ក៏បានបន្តជម្រាបជូនអង្គពិធី អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភ និងគាំពារសុខមាលភាពជរាជន និងនិវត្តជន តាមរយៈគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងគោលនយោបាយជាតិ សម្រាប់មនុស្សចាស់នៅកម្ពុជា ឆ្នាំ២០១៧-២០៣០ ដែលផ្តោតសំខាន់លើការពង្រីកគម្រោងចូលនិវត្តន៍ និងសោធនសម្រាប់កម្មករនិយោជិត ព្រមទាំងការបង្កើត និងដាក់អ្នកជំនាញដែលមានការបណ្តុះបណ្តាល ផ្នែកថែទាំមនុស្សចាស់ នៅគ្រប់មណ្ឌលសុខភាពទូទាំងប្រទេស។

បន្ថែមលើនោះ លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋស្រុកព្រៃឈរ រួមទាំងនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈទាំងអស់ នាំគ្នាអញ្ជើញទៅបោះឆ្នោតកុំបីខាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរុងរឿងខ្លាំងក្លាថែមទៀត៕​