(កំពង់ធំ)៖ បេក្ខជនតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា លោក យឹម លាត នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល​សិស្សពូកែ​ដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ប្រចាំឆមាសចំនួន១៣៥នាក់ មកពីវិទ្យាល័យចំនួន៣​ គឺ​វិទ្យាល័យរស្មីសោភ័ណ្ឌ វិទ្យាល័យរុងរឿង និងវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ ​​លោក យឹម លាត បានណែនាំ​ឲ្យសិស្សានុសិស្សដែលជាម្ចាស់ជយលាភីទាំងអស់ ត្រូវតែបន្តប្រឹងប្រែន​រៀនសូតបន្ថែមទៀត ដើម្បីសម្រេចជោគជ័យនៅថ្ងៃអនាគត ហើយត្រូវ​ជៀសឆ្ងាយពីគ្រឿងញៀន នាំឲ្យអន្ដរាយដល់ក្រុមគ្រួសារ និងសង្គមជាតិ។

បន្ថែមពីនេះ លោក យឹម លាតក៏ បានលើកឡើងអំពីសារៈសំខាន់ នៃការសិក្សាភាសាបរទេស និងលើកទឹកចិត្តឲ្យសិស្សានុសិស្សនៅគ្រប់​វិទ្យាល័យ ខិតខំសិក្សាភាសាបរទេស បន្ថែមលើមុខវិជ្ជាសិក្សាជាភាសាខ្មែរ ដើម្បីមានឱកាសច្រើនក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេស និងក្រៅប្រទេស​នាពេលអនាគត។

ជាមួយគ្នានេះ​ សិស្សពូកែទូទាំងស្រុកស្ទោង ចាប់ពីថ្នាក់ទី១០ ដល់ទី១២ ទទួលបាន​មួកសុវត្ថិភាព ដោយ​ផ្ទាល់ពីបេក្ខជនតំណាងរាស្រ្តថ្មី ប្រចាំខេត្តកំពង់ធំ ម្នាក់មួយផងដែរ៕​