(កំពង់ស្ពឺ)៖ លោកស្រី ខេង សំវ៉ាដា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមទាំងប្រជាពលរដ្ឋជិត៤ពាន់នាក់​ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅអនុវិទ្យាល័យភ្នំជាល ភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ ចំនួន៣,៥៧៣នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

លោកស្រី ខេង សំវ៉ាដា បានលើកឡើងថា សកម្មភាពក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី គឺជាពិតជាមានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋនៅស្រុកសំរោងទងនេះ ពីព្រោះកន្លងមកប្រជាពលរដ្ឋពិតណាស់ ប្រាកដជាចង់បានសុខភាពល្អគ្រប់ៗគ្នា ហើយសម្រាប់ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងឃុំនេះ ពិតជាមានអារម្មណ៍សប្បាយខ្លាំងណាស់ ដោយបានឃើញក្រុមគ្រូពេទ្យមកព្យាបាលជូនពួកគាត់ ដោយឥតគិតថ្លៃបែបនេះ។

លោកស្រីបន្តទៀតថា «ថ្ងៃនេះខ្ញុំបានរៀបចំកៅអីជាច្រើន សម្រាប់ប្រជាពលរដ្ឋអង្គុយ តែដោយសារមានប្រជាពលរដ្ឋច្រើនលើសការកំណត់ មានអ្នកខ្លះឈរ មានអ្នកខ្លះអង្គុយផ្ទាល់ដី ហើយមិនត្រឹមតែឃុំស្គុះនោះទេ នៅមានប្រជាពលរដ្ឋជាច្រើនទៀត ដែលមិនពិនិត្យព្យាបាលនៅទីនេះ ដោយសេចក្តីទុកចិត្តលើក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី»

តាមរបាយការណ៍បង្ហាញថា ការព្យាបាលជំងឺនៅថ្ងៃទី១៨ ខែមិថុនាក្រុមគ្រួសារបានព្យាបាលជំងឺជូន កុមារ៣៣១១នាក់, ជំងឺស្រ្តី១៧៩នាក់, ជំងឺផ្លូវចិត្ត៩២នាក់, ជំងឺឫសដូងបាត១០៣នាក់, ជំងឺសន្លាក់ឆ្អឹង១៩១នាក់, ជំងឺរលាកសួត១២៤នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩៩នាក់, ជំងឺភ្នែក៨៣នាក់, ជំងឺសើរស្បែក១២៧នាក់, ជំងឺទឹកនោមផ្អែ១០៦នាក់, ជំងឺមាត់ធ្មេញ៩៦នាក់, អេកូសាស្ត្រ១២៧នាក់,ព្យាបាលរបួសនិងវះកាត់តូច៣៩ និងជំងឺទូទៅ១,៨៩៦នាក់ ។

បើតាមការលើកឡើងរបស់ លោក លេង​ ផាលី បានឲ្យដឹងថា «សកម្មភាពចុះពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃនេះ គឺស្របទៅតាមការសំណូមពរ របស់ប្រជាពលរដ្ឋ ហើយការព្យាបាលនាពេលនេះ គឺជាការព្យាបាលបឋម ទៅលើជំងឺគ្រប់មុខប្រភេទ ក្នុងនោះមានជំងឺទូទៅ វះកាត់ខ្នាតតូច និងអេកូសាស្ត្រផងដែរ»។

លោកបន្តថា ការព្យាបាលនេះគឺធ្វើឡើងដើម្បីចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់​ លើបញ្ហាសុខភាព របស់ប្រជាពលរដ្ឋ ដោយសាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យគ្រប់ភារកិច្ច។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។

អ្នកស្រី ហ៊ី យឿន មានវ័យជាង៥០ឆ្នាំ មានអាការៈឧស្សាហ៍ឈឺក្បាល វិលមុខ ថែមទាំងចុកចុងដង្ហើម បានបង្ហាញអារម្មណ៍ពិតថា អ្នកស្រីពិតជាអរគុណខ្លាំងណាស់ សម្រាប់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេសនោះ គឺលោក ហ៊ុន ម៉ានី ដែលបានចាត់ចែកក្រុមការងារមកពិនិត្យសុខភាព ប្រជាពលរដ្ឋនៅតាមទីជនបទដូចជារូបគាត់។

អ្នកស្រីបានបញ្ជាក់បន្ថែមថា «នេះជាលើកទី១ហើយ ដែលភូមិខ្ញុំទទួលបានការពិនិត្យពីគ្រូពេទ្យ ដោយមិនគិតលុយ ហើយការអត់គិតលុយនឹងធ្វើឲ្យខ្ញុំ និងបងប្អូនដែលមានជំងឺនឹង ចំណេញយ៉ាងច្រើនដូចជា មិនចំណាយម៉ោងទៅណាឆ្ងាយ ហើយជាពិសេសនោះគឺចំណេញលុយនឹងតែម្តង»

សម្រាប់ពលរដ្ឋម្នាក់ទៀតមានវ័យ ៤៩ឆ្នាំ លោក ឌឿ សំអឿន បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។ លោក សំអឿន មានជំងឺរលាកក្រពះ ហើយរាល់ថ្ងៃអាការៈនេះ បានធ្វើទុកនៅក្នុងពោះបានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បានចុះមកព្យាបាលជំងឺ ដល់គាត់ក៏ដូចជាអ្នកភូមិឯទៀត។ អ្នកស្រីបន្ថែមថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺដោយមិនលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»

ជាចុងក្រោយនោះ ពលរដ្ឋទាំង២រូប ដែលរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្តែងការថ្លែងអំណរគុណ​ ដល់លោក ហ៊ុន ម៉ានី ដែលមានទឹកចិត្តសប្បុរសដោយបានបញ្ជូនក្រុមការងារគ្រូពេទ្យ មកព្យាបាល និងឲ្យថ្នាំពិសារមិនគិតប្រាក់ពីពួកគាត់ ជាងនេះទៅទៀតនោះពលរដ្ឋទាំង២រូបនោះ ក៏បានស្នើរដល់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក លេង ផាលី ឲ្យឧស្សាហ៍ចុះមកព្យាបាលដល់ស្រុករបស់ពួកគាត់ ទៅតាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥១លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៣១៥,៩១៧នាក់ ​(សាមសិបមួយម៉ឺន ប្រាំពាន់ ប្រាំបួនរយដប់ប្រាំពីរនាក់)។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ៕