(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ គឺជាខួប៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានធ្វើដំណើរឈ្មោះផ្សងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។

ក្នុងខួប៤១ឆ្នាំនៃដំណើរឆ្ពោះទៅរកការរំដោះប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ នៅក្នុងខេត្តតែកែវ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យ Fresh News ដឹងថា ជំនួបនៅថ្ងៃទី២០ ខែមិថុនា គឺជាជំនួបលើកទី៤៥ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ក្នុងជំនួប ៤៥លើកនេះ មានកម្មករ និយោជិតសរុបជាង ៥៨ម៉ឺននាក់ បានជួបសំណេះសំណាលជាមួយ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន មកពីក្រុងដូនកែវចំនួន៤ ស្រុកសំរោងចំនួន៤ ស្រុកព្រៃកប្បាសចំនួន២ ស្រុកត្រាំកក់ចំនួន២ និងស្រុកទ្រាំងចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១២ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១១ និង ផលិតស្បែកជើងចំនួន២។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង បច្ចុប្បន្នខេត្តតាកែវមានសហគ្រាស គ្រឹះស្ថានចំនួន១៤៤ មានកម្មករនិយោជិត ៤៦,៩៩០នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧ មានកម្មករនិយោចិតចំនួន ៣៨,១៥៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ៧៨លានដុល្លារក្នុងមួយឆ្នាំ។

បើតាមលោក អ៉ិត សំហេង ការអភិវឌ្ឍតំបន់ឧស្សាហកម្មក្នុងខេត្តតាកែវ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តតាកែវ ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រ សហគ្រាសទៅតាមបណ្តាខេត្ត គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ខិតការងារទៅកៀកកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ។

ខេត្តតាកែវ គឺជាខេត្តទី៦ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បន្ទាប់ពីខេត្តកណ្តាល, ស្វាយរៀង, ព្រះសីហនុ, កំពង់ស្ពឺ និងកំពង់ចាម៕