(ភ្នំពេញ)៖ ប្រព័ន្ធទំនាក់ទំនងសង្គមថ្មីមួយ ឈ្មោះថា «សេរី-Serey) ដែលបង្កើតឡើងដោយកូនខ្មែរចំនួន២រូប បានលេចចេញរូបរាងជាផ្លូវការ។ ការបង្កើតឲ្យមានប្រព័ន្ធទំនាក់ទំនងថ្មីនេះ ក្នុងគោលបំណងប្រែក្លាយជា​បណ្ដាញ​ ផ្សព្វផ្សាយសង្គមមួយ ដែលអាចដាក់បង្ហាញពីស្នាដៃកូនខ្មែរ ហើយអ្វីពិសេសនោះ​បណ្ដាញសង្គមថ្មីនេះ ក៏អាចរកប្រាក់ចំណូលបានទៀតផង។

លោក ឆាយ លីនលីម ស្ថាបនិក គេហទំព័រសេរី បានឲ្យដឹងថា គេហទំព័រសេរី ជាប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមថ្មីមួយ ដែលផ្តោតសំខាន់លើទីផ្សារកម្ពុជា។ ស្របជាមួយនិងការអភិវឌ្ឍន៍សរដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាកំពុងតែស្វែងរក អនាគតដ៏ត្រចះត្រចង់ បន្ទាប់ពីការអភិវឌ្ឍន៍របស់ខ្លួន ក៏មានការអនុម័ត នូវបច្ចេកវិទ្យាថ្មីផងដែរ។

លោកបន្តថា បច្ចេកវិទ្យាថ្មីមួយនេះ ឈ្មោះថា ប្លុកឆេន ដែលត្រូវបានយកមកប្រើប្រាស់ ដោយក្រុមសេរី សំរាប់ប្រព័ន្ធបណ្តាញ ផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលជាកន្លែងសំរាប់អ្នកបង្កើត មានតិការដូចជា អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិតភាពយន្ត ត្រូវបានទទួលរង្វាន់ សម្រាប់បោះពុម្ពផ្សាយមាតិការរបស់ពួកគេ។

លោកបន្ដទៀតថា សេរី បានដាក់អោយដំណើរការប្រើប្រាស់តាំងពីខែមីនា ឆ្នាំ២០១៨ ហើយក៏មានអ្នកប្រើប្រាស់ជាច្រើនមកហើយ ដែលបាន ចូលរួមសរសេរនូវមាតិកា ដែលមានចាប់ពីរឿងខ្លី កីឡា វិធីថែរក្សាសម្ភស្សផ្ទាល់ខ្លួន តាមបែបធម្មជាតិ ការកំសាន្ត វប្បធម៌ ការកំសាន្ត និងប្រវត្តិសាស្រ្ត រួមទាំងការលក់ផលិតផលផ្សេងៗ។

លោក ឆាយ លីនលីម បញ្ជាក់ថា ចំពោះដំណើរការចុះឈ្មោះ គឺមានភាពងាយស្រួល ដោយគ្រាន់តែមានអាស័យដ្ឋាន ឬអ៊ីម៉ែលជាការស្រេច។ សេរី នឹងផ្តល់ឲ្យអ្នកនូវពាក្យសម្ងាត់ ដែលបានបង្កើត ដោយស្វ័យប្រវត្តិ និងធ្វើការរក្សាទុកពាក្យសម្ងាត់ ដោយការបោះពុម្ព ឬរក្សាទុកវាក្នុង USB Flash ចម្លង និងបិទភ្ជាប់ វាទៅកន្លែងណាមួយដែលអ្នកបានកំណត់ ជ្រើសរើសថាវាមានសុវត្ថិភាពបំផុត៕