(ត្បូងឃ្មុំ)៖ ដើម្បីធានាឲ្យបានកាន់តែច្បាស់នូវទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វប្បធម៌ ការប្រើប្រាស់ដីធ្លីប្រជាសាស្រ្ត ធារាសាស្រ្ត គម្រោងអភិវឌ្ឍនានា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគម្រោងគាំទ្របច្ចេកទេសសិក្សាផែនការប្រើប្រាស់ដីធ្លី ក្នុងឃុំល្ងៀង និងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីប្រធាន/អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធសរុបជិត ១០០នាក់។

ថ្លែងក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានឱ្យដឹងថា ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងដោយផ្អែកលើមូលដ្ឋាន នៃអំណោយផលសក្ដានុពល ភូមិសាស្រ្ត សោភ័ណភាព បរិស្ថានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សារភ្ជាប់ ទៅនឹងប្រវត្តិសាស្រ្តដ៏យូរលង់ល្បីល្បាញរបស់ខេត្ត ក៏ដូចជាបរិបទ នៃសម័យកាលទំនើបបច្ចុប្បន្ន ការរៀបចំបង្កើតទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានកំណត់ក្នុងចក្ខុវិស័យ និងគោលដៅ យូអង្វែង ដែលនឹងត្រូវបានរៀបចំជា៤ មជ្ឈមណ្ឌលរួមមានទី១៖ មជ្ឈមណ្ឌលតំបន់រដ្ឋបាល ប្រមូលផ្ដុំរបស់ខេត្ត, ទី២៖ មជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម, ទី៣៖ មជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ និងទី៤៖ មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទប់ស្កាត់រាល់សំណង់គ្រប់ប្រភេទ ដែលមិនគោរពតាមនគរូបនីយកម្មផងដែរ។

លោក ប៉ែន សុផល បានថ្លែងថា ដោយពិនិត្យឃើញសក្ដានុពលអំណោយផល នៃភូមិសាស្រ្តសេដ្ឋកិច្ចសង្គម បរិស្ថាន និងវប្បធម៌ ក្រសួង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានជ្រើសរើសយក ឃុំល្ងៀង ឃុំស្រឡប់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីគាំទ្របច្ចេកទេសសិក្សាផែនការប្រើប្រាស់ដី ចំទិសដៅ និងរក្សាបាននូវគុណភាពដី គាំទ្រកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងសមធម៌ ក៏ដូចជា រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការអភិវឌ្ឍ មានការអភិរក្ស មានសោភ័ណភាព និងរួមចំណែកក្នុងការកំណត់ និងគ្រប់គ្រងនីតិរដ្ឋក្នុងឃុំឱ្យបានល្អប្រសើរ។

លោក ប៉ែន សុផល បានបញ្ជាក់ថា ក្រោយបញ្ចប់សិក្ខាសាលានេះទៅ ក្រុមការងារគាំទ្របច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នឹងចុះប្រមូលទិន្នន័យរូបវន្ត និងទិន្នន័យព័ត៌មានស្រាប់ពីមន្ទីរ/អង្គភាពពាក់ព័ន្ធមានជាអាទិ៍ៈ ទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វប្បធម៌ ការប្រើប្រាសដីប្រជាសាស្រ្ត ធារាសាស្រ្ត គម្រោងអភិវឌ្ឍនានា ដែលទិន្នន័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាវិភាគស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន ក្នុងគោលដៅរៀបចំផែនការប្រើប្រាស់ដីនាពេលអនាគតផងដែរ៕