(សៀមរាប)៖ ដើម្បីបង្ការកុំឲ្យមានកត្តាហានិភ័យ ប៉ះពាលដល់សុខភាព ទាំងអ្នកបរិភោគ និងប្រើប្រាស់ថ្នាំ និងជីកសិកម្ម លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការផ្សព្វផ្សាយពីកត្តាហានិភ័យ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ និងស្នើសូមបងប្អូនទាំងអស់ ប្រើប្រាស់ទៅតាមកាលកំណត់នីមួយៗ។

ការចុះផ្សព្វផ្សាយបែបនេះរបស់លោក វេង សាខុន ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារធាតុ ចូលសម្ភារៈកសិកម្មនីតិកម្ម។

លោក វេង សាខុន បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានរៀបចំកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការធ្វើអាជីវកម្ម ការប្រើប្រាស់ធាតុចូលសម្ភារៈកសិកម្ម បញ្ហាប្រឈម និងលើកកម្ពស់ អភិបាលកិច្ចក្នុងការបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីជំនាញ ពង្រឹងសមត្ថភាពត្រួតពិនិត្យ ការធ្វើអាជីវកម្មខុសច្បាស់ ការប្រើប្រាស់ ការថែរក្សាទុកដាក់ខុសបច្ចេកទេស ដែលនាំឲ្យប៉ះពាល់ដល់គុណភាពកសិផល គុណភាពដី ទឹក សុខភាពអ្នកប្រើប្រាស់ និងអ្នកបរិភោគ។

លោករដ្ឋមន្រ្តីបានថ្លែងថា «បច្ចុប្បន្នតម្រូវការនៃការប្រើប្រាស់ជី និងថ្នាំកសិកម្មមានកំណើន គួរឱ្យកត់សម្គាល់ស្របពេលដែល ដំណាំកសិឧស្សាហកម្ម ដូចជាដំឡូងមី ម្រេច កៅស៊ូ ស្រូវ ពោត សណ្តែក ស្វាយចន្ទីជាដើម កំពុងមានការរីកចំរើន ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»

លោកបានបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពនេះ នាយកដ្ឋាននីតិកម្មកសិកម្ម បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ជាក់ស្តែងក្នុងឆ្នាំកន្លងមក បានអភិវឌ្ឍបទដ្ឋានគតិយុត្ត ក្រោមច្បាប់១ស្តី ពីការគ្រប់គ្រងថ្នាំ និងជីកសិកម្ម លិខិតបទដ្ឋានគតិយុត្ត ដំណើរការគ្រប់គ្រង និងការបម្រើសេវាសាធារណៈ នៅក្នុងប្រតិបត្តិការអាជីវកម្មថ្នាំ និងជីកសិកម្ម ការអនុវត្តច្បាប់ព្រមទាំងបានចុះតាមដានត្រួតពិនិត្យ លើរាល់ប្រតិបត្តិការអាជីវកម្ម ផ្គត់ផ្គង់ចែកចាយ លក់ដុំលក់រាយថ្នាំ និងជីកសិកម្ម។

លោកថា ដោយឡែកការជំរុញឲ្យអនុវត្តកម្មវិធី ផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីសារៈប្រយោជន៍ និងហានិភ័យនៃធាតុចូលកសិកម្ម ការគ្រប់គ្រងថ្នាំ និងជីកសិកម្មដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់ នៅតាមរាជធានី-ខេត្តក៏ត្រូវបានពង្រឹងផងដែរ។ ទោះជាយ៉ាងណា ការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម (នាំចូល លាយផ្សំ វិចខ្ចប់ លក់ចែកចាយ) និងការប្រើប្រាស់នៅតែជួប បញ្ហាប្រឈមមួយចំនួនដូចជា៖

១៖ ការនាំចូលថ្នាំ និងជីកសិកម្មខុសច្បាប់ ចរាចរលើទីផ្សារដោយគ្មាន ការធានាគុណភាព ហើយស្លាកសញ្ញាព័ត៌មានជាភាសាបរទេស។
២៖ ជីកសិកម្មមួយចំនួន ត្រូវបានក្លែងបន្លំគុណភាព ក្លែងសំបកវេចខ្ចប់ ហួសសុពលភាព។
៣៖ ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ ការថែរក្សាទុកដាក់ ការការពារសុវត្ថិភាពផ្ទាល់ខ្លួន ការយល់ដឹងពីឥទ្ធិពលរបស់ថ្នាំ និងជីកសិកម្ម ហានិភ័យ គុណភាព និងប្រសិទ្ធភាពនៃធាតុចូលទាំងនោះ ទៅតាមប្រភេទដី ប្រភេទដំណាំ ដំណាក់កាលលូតលាស់របស់ដំណាំនៅមានកំរិត។

លោកបន្ថែមទៀតថា ជាមួយនឹងសមិទ្ធផល ដែលទទួលបានពីការគ្រប់គ្រង ធាតុចូលកសិកម្ម ជាពិសេសការដោះស្រាយបញ្ហាប្រឈម ក៏ដូចជាការអនុវត្តច្បាប់ស្ដី ពីការគ្រប់គ្រងថ្នាំ និងជីកសិកម្ម ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពសាធារណៈ លោករដ្ឋមន្រ្ដីបានផ្ដល់នូវអនុសាសន៍មួយ​ចំនួនដូចជា៖

១៖ បន្តខិតខំរៀបចំបទដ្ឋាន គតិយុត្តក្រោមច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវសហការ សម្របសម្រួល ជាមួយអង្គភាពនានាដើម្បីរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ឲ្យបានសមស្របតាម សភាពការណ៍វិវឌ្ឍជាក់ស្តែងនៅកម្ពុជា។

២៖ បន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់លើការធ្វើអាជីវ-កម្មគ្រប់រូបភាព ត្រួតពិនិត្យលើបមាណីយគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មាន និងប្រភពដើមស្របច្បាប់ នៃផលិតផលនាំចូល និងចរាចរលើទីផ្សារ។ បន្ដពង្រឹងសមត្ថភាព មន្ទីរពិសោធន៍ជី និងថ្នាំកសិកម្មដើម្បីធានាគុណភាព ផលិតផលពិត គ្មានការក្លែងបន្លំគុណភាព និងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់តាមបញ្ជិកាស្នើសុំ។

៣៖ អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ត្រូវបន្ដធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់ពាណិជ្ជករ អាជីវករ និងកសិករ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបទដ្ឋានគតិយុត្ត ការចូលរួមអនុវត្តច្បាប់ នីតិវិធី និងវិធានបច្ចេកទេស ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់ មិនបានត្រឹមត្រូវតាមវិធានបច្ចេកទេស ជាពិសេសថ្នាំកសិកម្ម។

៤៖ ត្រូវណែនាំដល់កសិករ ឱ្យចេះសន្សំ និងប្រើជីធម្មជាតិ ជីសរីរាង្គឲ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត តាមរយៈការចំណាយលើជីគីមី ម៉្យាងទៀតដើម្បីរក្សាគុណភាពដី គុណភាព សុវត្ថភាពផលិតផល និងជាពិសេសចូលរួមកាត់បន្ថយឱនភាពដីកសិកម្ម។

៥៖ ត្រូវលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការបម្រើសេវាសាធារណៈ ត្រូវពង្រឹងឆន្ទៈការងារ និងវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ការងារ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ត្រូវខិតខំរៀនសូត្របន្ថែមទៀតអំពីច្បាប់ នីតិវិធី និងវិធានបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងជី និងថ្នាំកសិកម្ម ដើម្បីឲ្យស័ក្ដិសមជាមន្រ្តីនគរបាលយុត្តិធម៌ មានសមត្ថកិច្ចដែលក្រសួងបានផ្ដល់ទំនុកចិត្ត៕