(ភ្នំពេញ)៖ បន្ទាប់ពីឈរធ្វើបាតុកម្មដោយអហិង្សាក្រោមកំដៅថ្ងៃក្ដៅ តាំងពីម៉ោង៨ រហូតដល់ម៉ោងជិត១១ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ អតីតបុគ្គលិករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលត្រូវបានបណ្ដេញចេញទាំងអយុត្តិធម៌នោះ បានថ្លែងទាំងអួលដើមក និងលាយឡំជាមួយទឹកភ្នែក សុំរកកិច្ចអន្ដរាគមន៍ពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជា ការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយរកយុត្តិធម៌ជូនពួកគាត់។

ក្រៅពីការលើដៃសំពះសុំរកយុត្តិធម៌ ទាំងទឹកភ្នែកនោះ អតីតបុគ្គលិករបស់ស្ថានទូតអាមេរិក បានរៀបរាប់អំពីទុក្ខលំបាកផងដែរ ក្រោយការបណ្ដេញចេញនេះ ព្រោះថា ពួកគាត់ជាមេគ្រួសារ ដែលមានកាតព្វកិច្ចត្រូវរកចំណូល ប៉ុន្ដែពេលនេះគាត់បានបាត់បង់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារបន្ដទៀត ដោយអ្នកខ្លះមានកូនរហូតដល់៥នាក់ទៅក្នុងបន្ទុក។

ក្នុងវ័យជាង៣០ឆ្នាំ បុរសដែលមានមាឌធំ​សម្បុរខ្មៅស្រអែម បាននិយាយទាំងអួលដើមកថា «ខ្ញុំសូមស្នើដល់សម្ដេចតេជោ ជួយរកយុត្តិធម៌ឲ្យខ្ញុំផង ព្រោះអីខ្ញុំមានការពិបាកណាស់ តាំងពីពេលដែលគេបញ្ឈប់ខ្ញុំមក។ មួយទៀត សូមក្រសួងការងារ ជួយពន្លឿនរឿងនេះផង ព្រោះតាំងពីគេបញ្ឈប់មក ខ្ញុំអត់មានការងារធ្វើ ហើយខ្ញុំចាំប្រាក់សំណង់យូរថ្ងៃណាស់ហើយ អត់មានឃើញខាងទូតដោះស្រាយឲ្យខ្ញុំវិញសោះ។ ចឹងសូមសម្ដេចជួយរកយុត្តិធម៌ឲ្យខ្ញុំផង»

ជាមួយគ្នានេះ អតីតបុគ្គលិកទាំងនោះ បានថ្អូញថ្អែរយ៉ាងខ្លាំង ចំពោះជីវភាពរបស់ពួកគេទាំង៣២គ្រួសារ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ យ៉ាងអយុត្តិធម៌នេះ។ ពួកគាត់និយាយថា ការបណ្តេញចេញនេះ មិនមែនប៉ះពាល់តែគាត់ខ្លួនឯងនោះទេ ប៉ះពាល់ទាំងគ្រួសារតែម្តង កូនត្រូវរៀនសូត្រ និងការចំណាយផ្សេងប្រចាំថ្ងៃទៀត។ ដូច្នេះហើយមានតែសម្តេចតេជោ ហ៊ុន សែន ទេដែលអាចជួយរកយុត្តិធម៌ជូនពួកគាត់បាន។

សូមជម្រាបថា អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពីជាង៥ឆ្នាំ ដល់ ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។

បើតាមអតីតបុគ្គលិកទាំងនោះ បានអះអាងថា ការបណ្តេញពួកគាត់ចេញនេះ ស្ថានទូតអាមេរិកលើកយកមូលហេតុមួយ គឺចោទប្រកាន់ពួកគាត់ថា ចែកចាយរូបថតអាសអាភាស ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។ ប៉ុន្តែពួកគាត់អះអាងថា មូលហេតុនេះមិនសមរម្យនោះទេ គឺរូបថតនោះ បង្ហោះក្នុង Group Messager ឯកជនហើយក៏មិនដឹងថា ចេញមកពីណាផងដែរ៕