(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាឡើងថ្លៃប្រេងនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីការកាត់បន្ថយការផលិតរបស់អង្គការ​នៃ​បណ្តា​ប្រទេស​នាំប្រេងចេញ ដែលហៅកាត់​ថា OPEC គឺជាបញ្ហាប្រឈមរបស់កម្ពុជាទាមទារឲ្យមានការដោះស្រាយជាបន្ទាន់មួយ។

ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនមន្រ្តីជាន់ខ្ពស់៨រូបនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ សម្តេចនឹងប្រកាសចេញនូវគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចនៅកម្ពុជា និងជាកង្វល់របស់ប្រជាពលរដ្ឋផងដែរ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ដូច្នេះ «នៅថ្ងៃទី២៨ ខាងមុខនេះ ខ្ញុំនឹងប្រកាសចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងបញ្ហាតម្លៃប្រេងនៅក្នុងទីផ្សារក្នុងស្រុករបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលផ្តើមចេញអំពីបញ្ហាការឡើងថ្លៃប្រេងបណ្តាលមកពីការកាត់បន្ថយការផលិតរបស់អង្គការ OPEC ដែលចំណុចនេះសុទ្ធតែមានផលប៉ះពាល់សម្រាប់យើងតែម្តង»

យោងតាមតារាងតម្លៃប្រេងដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បច្ចុប្បន្នប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ ៤,០០០រៀលក្នុងមួយលីត។ តម្លៃប្រេងនេះកើនឡើងច្រើនបើធៀបទៅនឹងចុះឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨។ ការហក់ឡើងថ្លៃប្រេងនេះ ក៏បានធ្វើឲ្យប្រើប្រាស់យានជំនិះរថយន្ត និងម៉ូតូបានត្អូញត្អែរផងដែរ។

ក្នុងពិធីប្រកាសគោរពងារវិទ្យាសាស្ត្រ និងគោរពងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលគេចាត់ទុកជាបណ្តុំឃ្លាំងបញ្ញាជននោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បញ្ញាជនរបស់ខ្មែរទាំងអស់ ត្រូវរួមគ្នាស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដើម្បីផ្តល់ធាតុចូលនានាជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមដូចជាការឡើងថ្លៃប្រេង និងបញ្ហាផ្សេងៗមួយចំនួនទៀត៕