(ភ្នំពេញ)៖ លោក ឃួង ស្រេ​ង សមា​​​ជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ នា​រសៀ​លថ្ងៃទី១​៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ចើញជាគណៈអធិបតីភាព ក្នុង​ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន២២៦០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដោយមានការចូលរូមពីសំណាក់លោក នុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនខណ្ឌដង្កោ រួមទាំងសមាជិក សមាជិកា​ គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។

ថ្លែងនៅក្នុង​ឱកាសនោះដែរ​ លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងរបបប៉ុលពត មានតែការកាប់សម្លាប់ប្រជាជនឯង គ្រាន់តែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រទេស​កម្ពុជាបានធ្លាក់នៅក្រោមកំរិតសូន្យ ហើយ​នៅលើពិភព​លោក កម្រមានប្រទេស​ណាដែលកាប់សម្លាប់ប្រជាជនឯង ដូចប្រទេស​យើងនេះណាស់ នេះគឺដោយសារតែរបបរដ្ឋប្រហារនៅ ឆ្នាំ១៩៧០ ធ្វើឱ្យប្រទេស​កម្ពុជាយើងធ្លាក់នៅក្នុង​រណ្តៅនៃសង្គ្រាមឆាប់ឆេះនៅលើផ្ទៃប្រទេស​ នាពេលនោះហើយ​ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្ត លះបង់ភាពយុវវ័យរបស់ខ្លួន ដើម្បីធ្វើ​ការតស៊ូ តាមការអំពាវនាវ សម្តេចព្រះបរមរតនកោដ្ឋ។

នៅឆ្នាំ១៩៧៥ មានជនឆ្លៀតឱកាសប៉ុលពត បានច្រៀតចូលកាន់អំណាច ហើយបង្វែរកា​រអភិវឌ្ឍប្រទេស ទៅជាការកាប់សម្លាប់ប្រជាជនឯង ដូចនេះហើយទើបនៅឆ្នាំ១៩៧៧ សម្តេចបានសំរេចចិត្តភៀសខ្លួន ទៅកាន់ប្រទេ​សវៀតណាម ដើម្បីបង្កើ​តជារណស្សិរសាមគ្គីសង្គ្រោះជាតិ ទើបអាចរំដោះប្រទេស យើងបាននៅឆ្នាំ១៩៧៩ ដោយមានជំនួយពីវៀតណាមផងដែរ។

លោកបានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ​ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព និង​សន្តិសុខសង្គម ធ្វើយ៉ាងណាដឹកនាំប្រទេសកុំឱ្យ​ធ្លាក់ចូលទៅក្នុង​ភ្លើងសង្គ្រាមឡើ​ងវិញ។ លោកបានឡើងទៀតថា នៅឆ្នាំ១៩៨៨ សម្តេចតេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពពេញលេញ ​បានដាក់ចេញ នូវគោលនយោបាយ បើកការ​ចរចារជាមួយប្រទេស​ត្រីភាគីនៅភាគខាងលិច​ ដែលមិនទាន់មានប្រទេសណា អាចធ្វើបានដូចសម្តេចនោះទេ ក្នុង​ការស្វែងរកសន្តិភាព ដល់ប្រទេស​ជាតិ។

លោកក៏បានបន្ថែមទៀតថា ក្រោម​គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ទើបប្រទេសជាតិយើងមានសុខសន្តិភាព មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋអាចរស់ នៅមានជីវភាពធូរធារដូចសព្វថ្ងៃ ហើយការរីកចម្រើនទាំងអស់នេះ​ គ្មានបាតដៃបក្សប្រឆាំងណាម្នាក់បានទៅសុំគេឱ្យមកវិនិយោគនោះទេ​មានតែការបំផ្លាញ។ មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលលោកតែងតែឆ្លៀតពេលដើម្បីស្វែងជំនួយ និងស្វែងរកអ្នកវិនិយោគធំៗ ដើម្បីឱ្យគេមកវិនិយោគនៅស្រុកខ្មែរ​ ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ និង​មានជីវភាពធូរធារដូចសព្វថ្ងៃ ដូចនេះហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋម្នាក់ នឹងក្លាយជាសន្លឹកឆ្នោតមួយ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តគាំទ្របេក្ខភាពសម្តេច បន្តដឹកនាំប្រទេសឱ្យមានការរីកចំរើនបន្តបន្ទាប់ទៀត៕