(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញ​ជួបសំណេះសំណាល ជាមួយសាសនិកខ្មែរឥស្លាម ចំនួន១៥០០នាក់ នៅសាលមហោស្របស្ទឹងសង្កែ ខេត្តបាត់ដំបង។

​លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពី សមិទ្ធផលជាច្រើនលើសលប់ជាគុណបំណាច់ របស់គណបក្សប្រជាជានកម្ពុជា ដែលបានសាងជូនប្រជាជាតិកម្ពុជា គឺជាមហាគូណូបការៈ ដែលមិនអាចកាត់ថ្លៃបាន។

បើតាមលោក អូស្មាន ហាស្សាន់ ពលរ​ដ្ឋកម្ពុជាទាំងមូល​តកូនតចៅគ្រប់ជំនាន់ មិ​នអាចបំភ្លេចបានឡើយ នូវគុណបំណាច់ដ៏មហាធំធេងនេះ ហើយក៏គ្មានអ្វី ជាការសងគុណសម្រាប់​​ជាប្រជានុរាស្រ្ត ដែលកំពុងរួមរស់ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជននេះទេ ក្រៅពីការគាំទ្រ និង​ត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិ។​

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ តំណាងប្រជាពលរដ្ឋសាសនិកឥស្លាម និង​សមាជិកគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ ចំពោះការផ្តល់ទំនុកចិត្ត​ការផ្ញើវាសនា និង​គាំទ្រដោយឥតងាករេរបស់បងប្អូន មកកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាការផ្តល់កម្លាំងចិត្ត និង​មោទនភាព ដើម្បីគណបក្សប្រជាជនកម្ពុជា បានរួមរស់ជាមួយបងប្អូន និង​បន្តនៅជាម្លប់កសាងសន្តិភាព ការអភិវឌ្ឍ​រីកចម្រើនទៅមុខជាលំដាប់។

សម្តេចក្រឡាហោម ស ខេង ​​បានផ្តាំផ្ញើដល់បងប្អូន សូមកុំភ្លេចឲ្យសោះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនៅសល់ជាង១ខែទៀតប៉ុណ្ណោះ គឺ​ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរលំដាប់លេខរៀងទី២០ ដើម្បីបានសម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តនៅជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត៕