(ខេត្តឈុនបុរី ប្រទេសថៃ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាក់ពលករខ្មែរនៅប្រទេសថៃថា ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពទូលំទូលាយ អាត្រាការងារមានរហូតដល់ ៩៩.៣% ពិសេសការងារដែលផ្អែកលើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ។

លោកថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរកំពុងបម្រើការងារនៅរោងចក្រ KING PAC INDUSTRIAL CO.,LTD ស្ថិតនៅខេត្តឈុនបុរី ប្រទេសថៃ ដែលជារោងចក្រផលិតថង់ប្លាស្ទិច នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដែលមានពលករកម្ពុជាធ្វើការនៅទីនោះមានជាង ១ពាន់នាក់។

គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដល់នូវការគាំទ្រដល់ពលករ និងក្រុមគ្រួសារ មិនដូចបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលប្រឆាំងមួយចំនួន ដែលជួបប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសតែងតែនិយាយភូតកុហក តាំងខ្លួនជាអ្នកជួយពលករ តែតាមពិតបោកប្រាសប្រជាពលរដ្ឋខ្មែរទាំងនោះ ឱ្យប្រឆាំងស្អប់ខ្ពើមរាជរដ្ឋាភិបាលដែលខំជួយប្រជាពលរដ្ឋពិតប្រាកដ។

លោកថា តាមពិតពួកនេះមានគំនិតអាក្រក់ មិនទទួលស្គាល់តមៃ្លការងារ និងសិទ្ធរបស់ពលករឡើយ ប្រើពាក្យប្រមាថពលករថា ជាខ្ញុំកញ្ជះគេ ជាវណ្ណៈថោកទាប ទម្លាក់កំហុសលើរដ្ឋាភិបាលដែលខំរការងារជូនប្រជាពលរដ្ឋពិតប្រាកដ ដែលទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបានឡើយ។

លោកបានកោតសសើរពលករខ្មែរ ដែលរកប្រាក់ចំណូលជួយគ្រួសារ តាមរយៈកសាងជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិមួយឆ្នាំៗបានប្រមាណ ២ពាន់លានដុល្លារ។ ពលករចេះជំនាញកាងារដែលកំពុងធ្វើពេលត្រឡប់ទៅវិញមានការងារ និងកសាងប្រទេសតាមរយៈការងារនៅក្នុងស្រុក ថែមទាំងបានជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរឈ្នះ-ឈ្នះទាំងអស់គ្នា។

លោកបានបន្តលើកឡើងពីសភាពការណ៍ប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច ៧% អាត្រាមានការងារធ្វើ ៩៩.៣% ជីវភាពប្រជាពលរដ្ឋធូរធា ប្រាក់ខែមន្ត្រីរាជការមានការកើនឡើងជាបន្តបន្ទាប់ មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព ព្យាបាលជំងឺមិនបាច់បង់ប្រាក់ ថ្លៃទឹកភ្លើងចុះថោក តម្លៃជួលផ្ទះមិនឡើងថ្លៃ កម្មការីនីឆ្លងទន្លេមានប្រាកឧបត្ថមពី៤០ម៉ឺនរៀល ៨០ម៉ឺនរៀល និង១២០ម៉ឺនរៀល។ ឆ្នាំ២០១៩ នឹងមានរបបចូលនិវត្តសម្រាប់កម្មករ-កម្មការិនី រីឯពលករនៅថៃក៏អាចមានរបបចូលនិវត្តនេះដែរ។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់ពលកររស់នៅ ធ្វើការងារ គោរពច្បាប់អនុវត្តតាមច្បាប់មានសុវត្ថិភាព ថែរក្សាសុខភាព ខំរៀនជំនាញដើម្បីអនាគត សាមគ្គីជួយគ្នាខ្មែរ និងខ្មែរ ខ្មែរ និងថៃសុំស្ថានទូតបន្តយកចិត្តទុកដាក់តាមដានដោះស្រាយរាល់បញ្ហានានា ស្របតាមច្បាប់នៃប្រទេសថៃ និងអនុស្សរណៈនៃការយោគយល់គ្នានៃប្រទេសទាំងពីរ។

សម្រាប់ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោកបានអំពាវនាវទៅបោះឆ្នោតឱ្យគណបក្សប្រជាជនបានគ្រប់ៗគ្នា ដើម្បីគណបក្សបន្តដឹកនាំប្រទេស ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕