(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ជាង៥០នាក់ រួមគ្នាដាំដើមកោងកាងតាមមាត់សមុទ្រ ក្នុងសហគមន៍ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់បរិស្ថាន និងការរស់នៅឲ្យកាន់តែប្រសើរ។

បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងក្រុមហ៊ុន ជីប ម៉ុង ថ្លែងថា៖ «ការចូលរួមដាំដើមកោងកាង នឹងធ្វើឲ្យឆ្នេរសមុទ្រប្រទេសកម្ពុជាយើង កាន់តែមានពណ៌បៃតងស្រស់ស្អាត ដែលជួយទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន។ ទន្ទឹមនឹងនោះ បុគ្គលិករបស់យើង ដែលទៅដាំដើមកោងកាង ស្នាក់នៅ និងទទួលទានអាហារក្នុងសហគមន៍ផ្ទាល់ ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍បានមួយកម្រិតទៀតផងដែរ»

បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ម្នាក់ថ្លែងថា ក្រៅពីបានចូលរួមធ្វើការងារសហគមន៍ ពួកគាត់បានស្គាល់បុគ្គលិកដទៃទៀត ដែលបម្រើការតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន ជីប ម៉ុង បានកាន់តែច្រើន។

នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន ជីប ម៉ុង នាំបុគ្គលិកខ្លួនមកដាំដើមឈើ។ ការដាំដើមឈើលើកទីមួយ គឺនៅសហគមន៍ការពារធនធានធម្មជាតិភ្នំឱរ៉ាល់៕