(ភ្នំពេញ)៖ អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ ជាអតីត​តំណាង​អប្សរា​របស់​ប្រទេស​កម្ពុជា ​ដែលបាន​ទទួលមរណភាពកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨នេះ តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​រង​របួស​ធ្ងន់ធ្ងរពេក រីឯ​សម្ដេចក្រុមព្រះ​ នរោត្ដម ​រណឫទ្ធិ​ ជាព្រះ​ស្វាមី បាន​ទទួលរង​របួសធ្ងន់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅរាជធានីភ្នំពេញ។

អ្នក​ម្នាង​ អ៊ុក ផល្លា បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ។ អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន​នឹង​រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​ នរោត្តម ​រណឫទ្ធិ។ អ្នក​ម្នាង​មាន​បុត្រ​២ ​ព្រះ​អង្គ​ជាមួយ​សម្តេចក្រុមព្រះ គឺ​នរោត្តម រណ​វង្ស និង​ នរោត្តម​ សុធា​ឫទ្ធិ។

អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ បានទទួលមរណភាពនៅ​អាយុ​៣៩​ឆ្នាំ «​កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩» ហើយ​អ្នក​ម្នាង​ក៏​បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធ​លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង។

អ្នក​ម្នាង គឺជា​អតីត​អ្នករបាំ​អប្សរា​ ប្រចាំ​ប្រទេស​ នា​អំឡុង​ឆ្នាំ​៩០។ រីឯ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ម្នាង គឺ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រង់គីឡូម៉ែត្រលេខ ២០០-២០១ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ២០១៨នេះ ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​៧​នាក់​ផ្សេង​ទៀត​ រង​របួសធ្ងន់ និង​ស្រាល៕