(ភ្នំពេញ) ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សមត្តកិច្ចនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិនីហ្សេរីយ៉ាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធបណ្តឹងស្រ្តីវៀតណាមម្នាក់ បានប្តឹងពីបទ ឆបោកប្រាក់ជាង៣០ម៉ឺនដុល្លារ។

ជនសង្ស័យមានឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN អាយុ៤៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។ ចំណែកជនរងគ្រោះជាជនជាតិវៀតណាម ឈ្មោះ Darg Mai Nga ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាអ្នកជំនួញ។ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅរាជធានីភ្នំពេញ យោងតាមពាក្យបណ្តឹង របស់ស្ត្រីជនជាតិវៀតណាមម្នាក់ បានចោទប្រកាន់ពីឆបោកប្រាក់ចំនួន៣៥៦.០០០ដុល្លារអាមេរិក។ យោងតាមពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០១៨ ដើមបណ្តឹងបានស្គាល់ជនសង្ស័យតាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

លុះថ្ងៃទី១០ ខែមករា ជនសង្ស័យឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN បានទៅទីក្រុងហាណូយបហរទេសវៀតណាម សុំជួបជាមួយជនរងគ្រោះ ដោយនិយាយលួងលោមបញ្ចុះបញ្ចូល ឲ្យជនរងគ្រោះចូលហ៊ុនបើកសិប្បកម្មផលិតឥដ្ឋការ៉ូ នៅប្រទេសកម្ពុជា។ ជនសង្ស័យបានប្រើល្បិចនាំជនរងគ្រោះ មកប្រទេសកម្ពុជា ដើម្បីមើលទីតាំងបង្កើតសិប្បកម្មផលិតឥដ្ឋការ៉ូ ដោយអះអាងថា មានមិត្តភ័ក្រនៅប្រទេសកម្ពុជានេះ។

សមត្ថកិច្ចបន្តថា ដោយមានការជឿទុកចិត្ត ជនរងគ្រោះបានផ្តល់ប្រាក់ឲ្យជនសង្ស័យជាបន្តបន្ទាប់ចំនួន៥លើក សរុប៣៥៦.០០០ ដុល្លារតាមរយៈគណនេយ្យរបស់ពួកគេ ដែលបានផ្តល់ឲ្យ គ្នាទៅវិញទៅមក។ ក្រោយពេលបានវេ និងទទួលប្រាក់នោះហើយ ជនសង្ស័យបានបិទទូរស័ព្ទ និងគេចខ្លួនមិនអាចទាក់ទងបានមួយរយៈ។ លុះថ្ងៃទី១៥ ខែមិថុនា ជនសង្ស័យបាន ទូរស័ព្ទទៅជនរងគ្រោះថា សិប្បកម្មធ្វើជិតរួចរាល់ហើយ ឲ្យជនរងគ្រោះផ្តល់ប្រាក់ចំនួន១៥០.០០០ដុល្លារបន្ថែមទៀត តែត្រូវចាប់ខ្លួនតែម្តង ពេលជនរងគ្រោះប្តឹង។

បើតាមមន្ង្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងបុរសស្បែកខ្មៅនេះ កំពុងស្ថិតក្នុងចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ៕