(ឧត្ដរមានជ័យ)៖ នៅចំពោះមុខលោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារថ្នាក់កណ្តាល ​ចុះជួយខេត្តឧត្តរមានជ័យ, ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអន្លង់វែង បានធ្វើការប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះពួកគាត់ស្រលាញ់សន្ដិភាព និងបន្ដការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ការប្ដេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសលោក គន់ គីម ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន១,០៥៨នាក់ មកពីភូមិចំនួន៥ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះ លោក គន់ គីម ​បានថ្លែងអំណរគុណដល់​ប្រជាពលរដ្ឋ ដែលតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិ និងសូមឲ្យពលរដ្ឋ​បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បន្ត​ទៀតនៅថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ កុំជឿតាមពួកប្រឆាំងដែលលើកឡើងថា ដេកផ្ទះឈ្នះឯង។

បន្ថែមពីនេះ លោក គន់ គីម ក៏បានសូមការអភ័យទោសពី​​ការខ្វះខាត របស់មន្ត្រីរាជការនៅមូលដ្ឋាន ដែលបម្រើសេវាជូនប្រជាពលរដ្ឋ មិនបានល្អ និងរាល់អំពើឆ្គាំឆ្គងទាំងឡាយទាំងចេតនាក្តី អចេតនាក្តី ព្រមទាំងបានណែនាំមន្ត្រីឲ្យចុះជាប់ ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។

ដោយមើលឃើញពីការលំបាក​របស់លោកស្រី សុខ ម៉ារា ជាប្រជាជននៅភូមិ​កណ្តាលលើ មានជីវភាពទ័លក្រគ្មានផ្ទះសមរម្យ ថែមទាំងប្តីពិការទៀត ត្រូវបានលោក គន់ គីម ផ្តល់ជូនដីមួយឡូត៍​ទំហំ២៥ម៉ែត្រ គុណ៤០ម៉ែត្រ និងផ្ទះមួយខ្នងសង់ពីឈើ ៥ម៉ែត្រ គុណ៧ម៉ែត្រ ដំបូលស័ង្កសី ចាក់សាបបាត។

​លោកស្រី បានឲ្យដឹងថា លោកស្រីសប្បាយរីករាយ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក គន់ គីម ចំពោះ​សម្តេចតេជោ ហ៊ុន សែន ​ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរដល់ពួកគាត់។ គាត់ និងក្រុមគ្រួសារ ក៏ដូចជាបងប្អូនក្នុងភូមិ និងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ជាបន្តទៀត៕