(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណវត្តចន្ទរង្សី ហៅវត្តរំលេច បានចាត់ទុកថា បងប្អូនប្រជាការពារ គឺជាកម្លាំងមិនអាចខ្វះបាន ក្នុងការថែរក្សាការពារ សន្តិសុខ សណ្តាប់បង្ការទប់ស្កាត់នូវរាល់ នូវរាល់បទល្មើស និងផ្តល់ភាពសុខសាន្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងពិសាបាយសាមគ្គី ជាមួយបងប្អូនក្រុមគ្រួសារប្រជាការពារ៤ឃុំ មានឃុំបឹងខ្នា ឃុំរំលេច ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ក្នុងស្រុកបាកាន ជាង១ពាន់នាក់ លោកគ្រូ អ្នកគ្រូឃុំរំលេច៧៨នាក់ ដោយមានការចូលរួមពីតំណាងរាស្ត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីសាលាស្រុក។

លោក ម៉ៅ ធនិន បានថ្លែងថា សន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក៏ដោយ បញ្ហាដែលត្រូវយកចិត្តទុកដាក់ជាប្រចាំនៅមូលដ្ឋាននោះ គឺគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធានាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។

លោកបានថ្លែងទៀតថា ប្រជាការពារគឺជាកម្លាំងដែលរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ឆាប់ទទួលបានព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ភ្លាមៗ ពីគ្រប់មូលដ្ឋាន ដោយកត្តានេះហើយ បានជាលោក បាន ចាត់ទុកបងប្អូនប្រជាការពារ ជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ ដើម្បីបានស្គាល់គ្នា ជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបការលំបាក់ផ្សេងៗ។

ក្នុងនាមមហាមេគ្រួសារប្រជាការពារ សូមឲ្យបងប្អូនបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ នៅក្នុងដែនសមត្ថកិច្ច មិនត្រូវធ្វើអ្វីបង្កការថ្នាំងថ្នាក់ បង្កការលំបាក គៀបសង្កត់មកលើពួកគាត់ តាមរូបភាពណាមួយនោះឡើយ ត្រូវចាត់ទុកពលរដ្ឋដូចជាឳពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ និងត្រូវចេះរួមរស់នៅក្រោមដំបូលសុខសន្តិភាពតែមួយ។ កន្លងមក លោករួមជាមួយលោកស្រី តែងតែចូលជាសមាជិក មហាគ្រួសារជាច្រើនរួចមកហើយនៅក្នុងខេត្ត ក្នុងនោះក៏មានគ្រួសារប្រជាការពារផងដែរ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា។

លោកក៏បានជម្រាបជូនអំពីសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទំនប់ ប្រឡាយ...កំពុងកើតមាន ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ចំណងដៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ព្រមទាំងបានអំពាវនាវ ឲ្យគ្រួសារប្រជាការពារយើងទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

សម្រាប់ក្នុងឱកាសសំណេះសំណាលនេះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម ជាង១ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម សារុង១ និងហូបបាយថ្ងៃត្រង់មួយពេល ព្រមទាំងបានជួយដោះស្រាយសំណូមពរពីមូលដ្ឋាន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រផងដែរ។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តដំណើរចុះសំណេះសំណាលជាមួយព្រះសង្ឃ យាយជីតាជី ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ្ធ ក្នុងវត្តទួលលាប ស្ថិតក្នុងភូមិមេទឹក ឃុំមេទឹក ដើម្បីត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ ជុំវិញលក្ខណៈសម្បត្តិ ក្រមសីលធម៌ ធនធានចំណេះដឹងអ្នកទ្រទ្រង់វិន័យ ដែលត្រូវផ្តល់ជូនចៅអធិការថ្មីវត្តនេះ។ ព្រមទាំងបន្តចុះសម្របសម្រួលដោះស្រាយបញ្ចប់ ករណីបិទផ្លូវរទះ និងបិទផ្លូវទឹក សម្រាប់ធ្វើស្រែ ក្នុងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ដោយបានលើកឡើងថា «ត្រូវរក្សាស្ថានភាពដើម អ្នកលុបប្រឡាយ ត្រូវបើកប្រឡាយឲ្យទឹកហូរវិញ, អ្នកឈូសលុបផ្លូវ ត្រូវបើកផ្លូវឲ្យចេញចូលស្រែវិញ ដោយមិនគិតពីកូនមេភូមិ មេឃុំ ឬជានរណាក៏ដោយ»៕