(កំពង់ចាម​)៖​ ដោយមើលឃើញ និងយល់យ៉ាងច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៌ផងនោះ លោក លី​ សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា រួមជាមួយលោកឧកញ៉ា ឌី ប៉ូ បាននាំយកនូវអំណោយជាថវិកា សម្ភារ និងអាវ មួកគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រជិត១,០០០គ្រួសារ នៅក្នុងឃុំអំពិល​ ស្រុកកំពង់សៀម។

ថ្លែងនៅក្នុងវេទិកានាព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំអំពិល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ លោកឧកញ៉ា ឌី ប៉ូ បាន​​រំលឹកឡើងវិញអំពី របប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនរស់នៅក្នុងរបបគុកឥតជញ្ជាំង​ ដែលពួកវាបានកាប់សម្លាប់ប្រជាជនស្លូតត្រង់ អស់ជាង៣លាននាក់ ដោយមិនរើសមុខ​ បង្អត់បាយ​ ធ្វើទារុណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។ ប៉ុន្តែដោយសារតែមានគុណដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន​ សែន​ បានរំដោះប្រជាជន ចេញពីរបបដ៏ខ្មៅងងឹត​ នៅថ្ងៃ៧ មករា ១៩៧៩​ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេ រហូតអភិវឌ្ឍន៍មានអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ​។

លោកឧកញ៉ា ស្នើសុំប្រជាពលរដ្ឋកុំបំភ្លេចថ្ងៃកំណើតទី២ របស់ខ្លួនគឺថ្ងៃ៧មករានេះហើយ ដែលចារជាប្រវត្តិសាស្ត្រ ហើយលោកក៏បានអំពាវនាវផងដែរ​ សូម​ប្រជាជនទាំងអស់ទៅបោះឆ្នោត នានៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ​ដើម្បីគាំទ្រសម្តេចតេជា ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗបន្តបន្ទាប់ទៀត​។

ជាមួយគ្នានេះ លោក លី សាម៉េត ក៏បានលើកឡើងថា​ សម្តេច​តេជោ ហ៊ុន សែន ​បានបញ្ជាឲ្យមន្ត្រីនៅក្រោមឱវាទ ត្រូវតែបម្រើប្រជាពលរដ្ឋ​ឲ្យបានល្អ គ្រប់ថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។ កត្តាដ៏សំខាន់នេះហើយ ទើបលោក​បានប្រកាសបង្កើតទីប្រឹក្សាមួយ នៅឃុំអំពិល ដើម្បីជួយធ្វើអន្តរាគមន៍ ដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក​ មានទុក្ខធុរៈ​ ដូចជាស្ត្រីឆ្លងទន្លេ​ និង​ប្រជាពលរដ្ឋមានជំងឺខ្វះខាតថវិកាទៅមន្ទីរពេទ្យ​ លោកនឹងជួយជាបន្ទាន់តាមរយៈ​ទីប្រឹក្សាដែលនៅទីនេះ​ស្រាប់​​។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅឃុំអំពិល​ ​ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលបានជួយរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត ពិសេសមេដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ រក្សាសុខសន្តិភាព​ និង​អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន​ឥតឈប់ឈរ​។ លោកថ្លែងយ៉ាងច្បាស់ថា មានតេជោ សែន ប្រទេសកម្ពុជា មានសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ​ទូទាំងប្រទេស។

លោក លី​ សាម៉េត ថ្លែងបន្តថា​ នេះជាលើក​ទី៣ហើយ ដែលលោកបានមកជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋនៅឃុំអំពិល​ ហើយលោកសង្កេតឃើញថា​ បងប្អូនប្រជាពលរដ្ឋដ៏ល្អ​ គោរពច្បាប់​ គោរពព្រះពុទ្ធសាសនា​ គឺដោយសារប្រទេសមានសុខសន្តិភាព​។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនជាន់ខ្ពស់ និងឥស្សរជនដទៃទៀត បានរំដោះប្រជាពលរដ្ឋចេញពីរបបវាលពិឃាត។

លោក រ័ត្ន​ គឹមហៃ​ មេឃុំអំពិល បា​នឱ្យដឹងថា​ ឃុំអំពិល​ ជាឃុំមួយក្នុងចំណោមឃុំទាំង១៥ស្ថិត ក្នុងស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​​។ ឃុំអំពិល​ មាន១២ភូមិ​ មានប្រជាពលរដ្ឋចំនួន៤,២៧១គ្រួសារ​ និងមានប្រជាពលរដ្ឋចំនួន​ជាង១៨០០នាក់​​។

ប្រជាពលរដ្ឋនៅឃុំនេះ ភាគច្រើនមានមុខរបរធ្វើកសិកម្ម​ ធ្វើស្រែ​ចម្ការ​ និង​ អាជីវកម្មលក់ដូ​រ ហើយលោកបានសន្យាថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៩ កក្កដាខាងមុខនេះ ពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិបន្តទៀត ពីព្រោះមានសម្តេច​ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ៕