(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់កម្មករ-កម្មការនី ដែលបានផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជា និងមិនបានជឿតាមការឃោសនា កុហក បោកប្រាស់ ញុះញង់ឥតស្រាកស្រាន្តរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែចង់បំផ្លិចបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ការអភិវឌ្ឍន៍ និងអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការនី ចំនួន៤៤៤៦នាក់ ដែលអញ្ជើញមកពីឃុំចំនួន០៥ នៃស្រុកភ្នំស្រួច គឺឃុំមហាសាំង ឃុំគិរីវន្ត ឃុំតាំស្យា ឃុំព្រៃរំដួល និងឃុំអូរ ហើយដោយឡែកស្របពេលជាមួយគ្នានេះដែរ ក្រុមការងារចុះជួយឃុំទាំង៧ផ្សេងទៀត ក្នុងស្រុកភ្នំស្រួច បាននឹងកំពុងដំណើរជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនកម្មករ កម្មការនីផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏សូមអំពាវនាវឱ្យបងប្អូនយើងទាំងអស់គ្នាបន្តខិតខំធ្វើការងារ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមឱ្យបានខ្ពស់ជាងនេះ ពីលើបៀវត្សគោលរបស់បងប្អូន ថែរក្សាសុខភាព ហើយកុំភ្លេចបំពេញកតព្វកិច្ចជាពលរដ្ឋល្អចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ និងជាពិសេសទៀតនោះ គឺបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។

ទទ្ទឹមនឹងនេះ បងប្អូនកម្មករ កម្មការនី ទាំងអស់ដែលមានវត្តមានបានអបអរសាទរ និងថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលយើង ដែលបានជួយបងប្អូនកម្មករ កម្មការនីយើងឱ្យមានការងារធ្វើ ជីវភាពល្អប្រសើរ ប្រាក់បៀវត្សសមរម្យ និងជាពិសេសទទួលបានអត្ថប្រយោជន៍សង្គមជាច្រើនទៀត ហើយនឹងប្តេជ្ញាថានឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី២០។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានពាំនាំជូននូវក្រមា១ ថវិកាចំនួន៣ម៉ឺនរៀល ក្នុង១នាក់ ជូនដល់បងប្អូនកម្មការនីចំនួន១០៩នាក់ និងក្រមា១ សម្រាប់បងប្អូនកម្មករ កម្មការនីយើងទាំងអស់ផងដែរ៕