(ភ្នំពេញ)៖ តារាសម្តែងប្រុស និងជាតារាម៉ូដែល ដែលកំពុងមានប្រជាប្រិយភាព ផ្នែកខ្សែភាពយន្តភាគ និងរឿងដុំ ​លោក សូ ឆានី ដែលទស្សនិកជនភាគច្រើន បានស្គាល់លោក តាមរយៈការលេចមុខ ក្នុងខ្សែភាពយន្តខ្មែរជាច្រើន ជាពិសេសរឿង «ទណ្ឌកម្មស្នេហ៍» ​សម្តែងជាមួយនឹងកញ្ញា​ សារាយ ព្រះកាយច័ន្ទ តែម្តង។ ទន្ទឹមនឹងភាពល្បីល្បាញ ក្នុងការប្រឡូកខ្លួន ជាមួយវិស័យភាពយន្តនេះ​ គឺមានទស្សនិកជនជាច្រើន ​ចង់ដឹងពីប្រវត្តិជីវិត ការចូលសម្តែង និងការងារបច្ចុប្បន្នរបស់លោក ក្នុងវិស័យមួយនេះ ខណៈមកទល់នឹងពេលនេះ អ្នកគាំទ្ររបស់លោកកាន់តែកើនឡើង ជាលំដាប់​។ ដោយឡែក ដោយសារការងារមានភាព​មមាញឹក នឹងត្រូវការចាំបាច់ក្នុង​ការធ្វើដំណើរ​ទៅសម្តែង មួយរយៈមុន លោកបានប្រកាសក្នុងបណ្តាញសង្គមថា លោកចង់ទិញរថយន្តមួយសម្រាប់ធ្វើដំណើរ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបែរជាមានមនុស្សប្រុសប្លែកមុខម្នាក់ ចង់ឧបត្ថមទៅវិញ ​ប៉ុន្តែលោកបានបដិសេធ មិនទទួលកាដូរ ជារថយន្តពីបុរសនោះឡើយ។

តារាសម្តែងឈានចូលវ័យ ៣០ឆ្នាំ លោក សូ ឆានី បានថ្លែងប្រាប់ទាំងស្នាមញញឹម តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដោយបានបញ្ជាក់នូវប្រវត្តិជីវិតរបស់លោកថា ដោយដំបូងឡើយ លោកបានធ្វើជាតារម៉ូដែល គឺនៅឆ្នាំ ២០១៣ បន្ទាប់មកដោយទីផ្សារ​ខាងម៉ូដែលប្រុស ហាក់​ស្ងប់ស្ងាត់ពេក លោកបានផ្អាក​សិល្បៈមួយរយៈធំ ដើម្បីទៅធ្វើការនៅក្រុមហ៊ុន ឯកជនមួយកន្លែង។ ដោយឡែក ដោយសារតែមានផលិតករភាពយន្ត ទាក់ទងមកឲ្យលោក ចូលរួមសម្តែងច្រើនពេក ទើបសម្រេចប្រឡូកក្នុងវិស័យសិល្បៈ រហូតមកទល់នឹងបច្ចុប្បន្ន ពោលគឺឈានចូលសម្តែង ចាប់តាំងពីឆ្នា ២០១៦មកម្ល៉េះ។

លោក សូ ឆានី បានថ្លែងថា «​រឿងដែលលោក ចូលសម្តែងដំបូង គឺរឿង ​ខ្មោចទឹក​ ដែលថតត្រឹមតែជាតួអង្គ បន្ទាប់បន្សំគេតែប៉ុណ្ណោះ ហើយក្នុងរយៈពីរឆ្នាំ គិតចាប់ពីឆ្នាំ ២០១៦ មក គឺលោកចេះតែវិវឌ្ឍន៍ខ្លួនឯងជានិច្ច រហូតបានចូលរួមសម្តែងជាតួឯក ក្នុងស្ថានីយទូរទស្សន៍នានា ដូចបច្ចុប្បន្ននេះជាដើម។ មិនតែប៉ុណ្ណោះ បើគិតមកទល់នឹងពេលនេះ ទីផ្សារលោក ក៏មានភាពមមាញឹក​ ដោយទទួលរឿងថតជាច្រើន​ បន្ទាប់ពីបញ្ចប់រឿង ​ទណ្ឌកម្មស្នេហ៍»

ថ្លែងក្នុងសំណួរ​ចាក់ដោតមួយ ពីសំណាក់ពិធីករ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ដែលទាក់ទងនឹងការបង្ហោះសារចង់ទិញរថយន្ត តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ថាតើ ការទិញរថយន្តនេះ មាននរណាម្នាក់ ជួយជ្រោមជ្រែងដែរឬទេ? លោក សូ ឆានី បានថ្លែងទាំងអស់សំណើចថា «ក្រោយពីលោកបានបង្ហោះសារនេះហើយ គឺស្រាប់តែមានបុរសប្លែកមុខម្នាក់ ចង់ទិញឲ្យ ប៉ុន្តែទីបញ្ចប់ គឺមិនបានអ្វីបន្តិចនោះទេ ដោយសារតែលោក មិនធ្លាប់ស្គាល់គេ ណាមួយមិនចង់យករបស់ ដែលមិនមែនជាកម្លាំងញើសឈាម​ខ្លួនឯងផងនោះ ខណៈ​នេះ លោកទិញបានហើយ គឺលុយខ្លួនឯងទាំងស្រុង ដែលបានមកពីការសន្សំពីការថតរឿង និងខ្ចីមិត្តភក្តិបន្តិចបន្តួច»

គួរជម្រាបថា លោក សូ ឆានី គឺជាតារាសម្តែងប្រុសមួយរូប ដែលចូលប្រឡូកខ្លួន​ក្នុងពិភពសិល្បៈដំបូង តាមរយៈធ្វើជាតារាម៉ូដែល ដោយស្នាដៃសម្តែងរបស់លោក មានទេពកោសល្យផងនោះ ទើបធ្វើឲ្យតារារូបនេះ មានទីផ្សារមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ក៏កំពុងតែ មានទីផ្សារសិល្បៈ ដោយមានភាពយន្ត ​ដល់ទៅ​៣រឿង ក្នុងពេលតែមួយឯណោះ។ ​ជាចុងក្រោយ លោកសង្ឃឹមថា ទស្សនិកជននឹងបន្តគាំទ្ររបស់លោកតទៅទៀត ហើយលោកនឹងខិតខំសម្តែង ក្នុងការងារសិល្បៈមួយនេះ ឲ្យល្អបន្ថែមទៀត៕