(ភ្នំពេញ)៖ ដើម្បីជាការជួបជុំ ដល់វីរៈសិល្បករ-សិល្បការិនីចាស់ក្មេង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមាន លោក ហេង ឡុង ជាប្រធាន បានរៀបចំកម្មវិធីជួបសំណេះសំណាល និងអាហារសាមគ្គី ដោយមានការចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី ផងដែរ។

កម្មវិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីនេះ បានប្រព្រឹត្តធ្វើឡើង នៅរាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ នាភោជនីយដ្ឋាន Seven Brigh ទួលគោក។ នៅក្នុងកម្មវិធីនោះ គឺមាន វីរៈសិល្បករ-សិល្បការិនីចាស់ជរា បាត់បង់សមត្ថភាពដូចជា លោកតា ប្រាជ្ញ ឈួន ព្រឹទ្ធាចាប៉ីដងវែង, លោកតា គង់ ណៃ វោហារចាប៉ីដងវែង, លោក សួស សងវាចា តារាចម្រៀងជើងចាស់ ព្រមទាំងតារាចម្រៀង តារាសម្តែង អាយ៉ៃ និងចាប៉ីជាច្រើនទៀត។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង បានលើកឡើងថា កម្មវិធីនេះ ជាការជួបជុំបង្កើនសាមគ្គីភាព រវាងតារាជើងចាស់ និងសិល្បករ-សិល្បការិនីឯទៀត។ មិនតែប៉ុណ្ណោះនេះ ក៏ជាការផ្តល់ឱកាសនៃជុំនួបអាហារសាមគ្គី និងលើកទឹកចិត្ត ដល់វីរៈសិល្បករ-សិល្បការិនី ជើងចាស់ដែលត្រូវបានបានបាត់បង់ សមត្ថភាព ឬឱកាសសម្តែងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ ក៏មានការចែកអំណោយ និងសម្ភារៈមួយចំនួនជូនដល់ វីរៈសិល្បករ-សិល្បការិនីចាស់ៗផងដែរ។ អំណោយនោះរួមមាន អង្ករ, ត្រីខ, មី និងថវិកាចំនួន២០ម៉ឺនរៀល ដល់តារាជើងចាស់ដែលមានជំងឺ រហូតបាត់បង់សមត្ថភាពសិល្បៈ ជាដើម៕