(កំពង់ធំ)៖ លោក ជា បូរ៉ា អនុប្រធានការងារចុះជួយស្រុកបារាយណ៍ បានថ្លែងអះអាងថា ការដែលតុលាការកំពូលសម្រេចរំលាយអតីតគណបក្សប្រឆាំងនៅកម្ពុជា ដោយច្បាប់នេះគឺជាការពារ នូវរដ្ឋធម្មនុញ្ញ និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះថា អតីតបក្សប្រឆាំងបានអនុវត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ ខុសទៅនឹងដំណើរនៃការប្រព្រឹត្តទៅនៃលទ្ធិប្រជាធិបតេយ្យ។

លោក ជា បូរ៉ា បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្សប្រមាណជាង២០០នាក់ ឃុំបាក់ស្នា ស្រុកបារាយណ៍ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

លោក ជា បូរ៉ា បានបញ្ជាក់ឡើងវិញថា នៅក្នុងប្រទេសកម្ពុជាបានកំណត់ច្បាស់ណាស់ថា គ្រប់បក្សនយោបាយទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ ហើយរដ្ឋធម្មនុញ្ញនៅកម្ពុជា មិនបានកំណត់ថា ទាល់តែមានបក្សប្រឆាំងទើបមានលទ្ធិប្រជាធិបតេយ្យនោះដែរ។

លោកបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៅកម្ពុជាចែងថា កម្ពុជាជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានន័យថា បក្សច្រើនចូលរួមក្នុងការបោះឆ្នោត។ ដូច្នេះហើយបានជារៀង រាល់ការបោះឆ្នោតម្តងៗ យើងឃើញមានបក្សនយោបាយជាច្រើនបានចូលរួមក្នុងការបោះឆ្នោត ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៣ និងការបោះឆ្នោតឆ្នាំ២០១៨ ដែលនឹងខិតជិតមកដល់។

លោកលើកឡើងថា អតីតគណបក្សប្រឆាំងបានធ្វើខុសទៅនឹងរដ្ឋធម្មនុញ្ញ ខុសទៅនឹងច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ដែលជាទោសក្បត់ជាតិធ្ងន់ធ្ងរបំផុត ខណដែលបក្សប្រឆាំងមួយនេះ ថែមទាំងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត ក្នុងពេលដែលពួកគេមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកបានបញ្ជាក់ឡើងវិញថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណ បក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន បាននាំប្រទេសជាតិឈានដល់ការបង្រួបបង្រួមជាតិ សុខសន្តិភាព និងមានការអភិវឌ្ឍនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។ លោកថា ការពិតទាំងអស់នេះមិនអាចមានអ្នកណាម្នាក់មកកាឡៃប្រវត្តិសាស្ត្របានឡើយ ប៉ុន្តែយើងទាំង អស់គ្នាត្រូវនាំគ្នាអប់រំមនុស្សជំនាន់ក្រោយ ឬកូនចៅរបស់យើងឲ្យបានយល់ច្បាស់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលនាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោករដ្ឋលេខាធិការក៏បានណែនាំដល់គណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្សទាំងអស់ ខិតខំគ្រប់គ្រងសមាជិកបក្សអោយបានល្អ និងត្រៀមឯកសារបម្រើដល់ការបោះឆ្នោតជាតិខាងមុខ ពិសេសគឺត្រូវចលនាសមាជិកបក្ស អ្នកគាំទ្រ និងប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត និងបោះឆ្នោតតជូនគណបក្សប្រជាជនកម្ពុជា ដែល​មានរូបសញ្ញាសម្គាល់​“ ទេវតាបាចផ្កា​“ នៅលេខរៀងទី​២០​ នៅថ្ងៃទី ២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ខាងមុខ អោយបានគ្រប់ៗគ្នាដើម្បីបានសម្តេច ហ៊ុន សែន បន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ព្រោះមានតែគណបក្សប្រជាជនកម្ពុជា មានតែសម្តេច ហ៊ុន សែន ដឹកនាំប្រទេសប៉ុណ្ណោះ ទើបយើងអាចរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព៕