(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង១១៖០០នាទី ព្រឹកអាទិត្យនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរស្បើយបន្តិចហើយ ខណៈអ្នកម្នាក់ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីជួបចរាចរណ៍ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ នាម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ខណៈដែលព្រះអង្គយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមអ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ញ៉េប ប៊ុនជិន បានអះអាងថា តាមព័ត៌មានលោកទទួលបាន គឺសម្តេចក្រុមព្រះ បានធូរស្រាលបន្តិចហើយ ឯអ្នកម្នាងនៅធ្ងន់ធ្ងរ។ សម្តេចក្រុមព្រះ និងអ្នកម្នាង នឹងត្រូវយាងតាមឧទ្ធម្ភាចក្រ ពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ នៅវេលាម៉ោង២៖០០រសៀលថ្ងៃនេះ ដើម្បីឱ្យគ្រូពេទ្យអ្នកជំនាញឆ្លុះមើលឱ្យច្បាស់។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L-9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ដោយបើកលឿន និងវ៉ាជែងរថយន្តនៅពីមុខ តែវ៉ាមិនផុត ក៏វ៉ាក់អើ ហើយរេចង្កូតបុកចូលព្រះទីនាំងរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគីរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បញ្ជាក់បន្ថែមថា បន្តិចទៀត ឧទ្ធម្ភាគចក្រ២គ្រឿង នឹងចុះចតដោយមួយគ្រឿង មកដឹកសម្តេចក្រុមព្រះ ចេញពីមន្ទីរពេទ្យ សេតេ និងមួយគ្រឿងចុះចត ដើម្បីដឹកយកអ្នកម្នាងនៅមន្ទីរពេទ្យចំការចេក ទៅសង្គ្រោះនៅភ្នំពេញបន្តទៀត។

កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ ៕