(ភ្នំពេញ)៖ ដើម្បីលុបបំបាត់អក្ខរកម្ម សមាគមរោងចក្រកាត់ដេរកម្ពុជា បានសហការជាមួយអង្គការ Sipar និងអង្គការ CWPD ក្រោមជំនួយឧបត្ថម្ភពី AFD និង AUCHAN និងជំនួយមួយផ្នែកទៀតពីក្រសួងអប់រំ និងអង្គការ UNESCO បានបង្កើតឲ្យមានមជ្ឈមណ្ឌលធនធាន, បណ្ណាល័យ និងកម្មវិធីអក្ខរកម្មតាមបណ្តារោងចក្រ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវចំនេះដឹង អំពីការអាន, សរសេរ និងគណិតវិទ្យា ជាមូលដ្ឋានដល់កម្មករ-កម្មការិនីក្នុងរោងចក្រ។

ការដែលបង្កើតឲ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលធនធាន និងកម្មវិធីអក្ខរកម្មនៅក្នុងរោងចក្រនេះ ​ព្រោះកត់សំគាល់ឃើញថា មានកម្មករ-កម្មការិនី ជាច្រើនមិនចេះអក្សរ ដោយ​សារតែកត្តាស្វែងរកការងារ ក្នុងភាពវ័យក្មេងពេក បោះបង់ការសិក្សារចោល។

មកដល់បច្ចុប្បន្ននេះ មានរោងចក្រជាសមាជិករបស់សមាគមចំនួន១៩ហើយ ដែលបានចូលរួមបង្កើតឲ្យមានមជ្ឈមណ្ឌលធនធាន នៅក្នុងទីធ្លារោងចក្រដោយផ្ទាល់។ មជ្ឈមណ្ឌលធនធាន (បណ្ណាល័យ) មានបំពាក់ជូននូវ សៀវភៅជាច្រើនប្រភេទ រួមជាមួយឧបករណ៍ និងសម្ភារ:អេឡិចត្រូនិច ដូចជា Tablet App ជាដើម ដើម្បផ្ដល់ភាពងាយស្រួលដល់ បងប្អូនកម្មករ-កម្មការិនី សិក្សាស្រាវជាវ។

ក្នុងនោះមានរោងចក្រ១១ ក្នុងចំណោម១៩ បាននិងកំពុងដំណើរការកម្មវិធី បង្រៀនអក្ខរកម្ម និងរបៀបប្រើប្រាស់ Tablet, របៀបស្រាវជ្រាវព័ត៌មានតាមរយៈឧបករណ៍អេឡិចត្រូនិច ក៏ដូចជាមេរៀនមួយចំនួនទៀត ទាក់ទងទៅនឹងអានាម័យសុខភាព តម្លៃនៃការងារ ការអភិវឌ្ឍខ្លួន ដែលឧបករណ៍ សម្ភារ:បង្រៀនទាំងនោះ ទទួលបានការឧបត្ថមពី UNESCO។

លោក ហុក សុទ្ធិ នាយកអង្គការ Sipar បានថ្លែងឲ្យដឹងថា «ការដាក់ឲ្យមានកម្មវិធីសិក្សា ដល់កម្មករ-កម្មការិនីនេះព្រោះ ខ្ញុំយល់ឃើញថា បងប្អូន​កម្មករ-កម្មការិនី ជាច្រើនរៀនបានតិច ទនឹ្ទមនឹងនោះដូចអ្នកទាំងអស់គ្នា ដឹងស្រាប់ហើយថា នៅក្នុងរោចក្រ ថៅកែក៏ត្រូវការអ្នកដែលមានចំណេះដឹង ​ទទួលខុសត្រូវលើកិច្ចការមួយចំនួន ដូច្នេះហើយទើបពួកគេត្រូវការអ្នកចេះដឹង ដើម្បីជួយនៅកិច្ចការធំៗទាំងនោះ»។

លោកបានបន្ដទៀតថា ប្រសិនបើពួកគាត់មិនចេះអក្សរនោះទេ ពួកគាត់ប្រឈមនឹងការបាត់បង់នូ វអត្ថប្រយោជន៍ការងារជាច្រើនដូចជា បាត់បង់ការអភិវឌ្ឍន៍ខ្លួន​, បាត់បង់ការកសាងសមត្ថភាព មានន័យថា នៅពេលដែលពួគគាត់ចេះអក្សរតិច ពួកគាត់ប្រឈមនឹងការបាត់បង់ ការកសាងសមត្ថភាព ដែលអាចផ្លាស់ប្ដូរពីកម្មករធម្មតា ទៅជាប្រធានក្រុម ឬអ្នកទទួលខុសត្រូវថ្នាក់កណ្ដាលជាដើម។

លោកស្រី Anne Lemaistre តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា សម្រាប់ការបញ្ជូលកម្មវិធី អក្ខរកម្មតាមបណ្ដារោងចក្រនេះ មិនមែនជារឿងថ្មីទេ គឺអង្គការ UNESCO បានរៀបចំឡើងកន្លងមកហើយ ដោយមានការសហការគ្នាជាមួយ ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងអង្គការ Sipar ជាដើម។

លោកស្រីបន្ដទៀតថា «ខ្ញុំសង្ឃឹមថា កម្មវិធីអក្ខរកម្មនេះ ជាកម្មវិធីមួយអាចផ្លាស់ប្ដូរជីវិតកម្មការិនី នៅក្នុងរោងចក្រទាំងអស់ ឲ្យប្រសើរឡើងបន្ដិចម្ដងៗ»

លោក ណាត់ ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា បានសំដែរការសារទរចំពោះ ការបង្កើតឲ្យមានកម្មវិធីអក្ខរកម្មនៅតាមបណ្ដា​រោងចក្រកាត់ដែរទាំងនេះ ព្រោះកត្តាទាំងនេះនឹងជួយ ឲ្យកម្មករ-កម្មការិនី ជៀសផុតពីការមិនចេះអក្សរ។

លោកបានបញ្ជាក់ទៀតថា អ្វីដែលពិសេសជាងនេះនោះ គឺមិនត្រឹមតែបង្កើតបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្ដែអង្គការ Sipar ក៏បានរៀបចំកម្មវិធីស្ដីពី​ការបោះពុម្ភសៀវភៅផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងផែនការ ស្ដីពីស្ដីពីស្រ្ដី និងចំណាក់ស្រុក ក្នុងឆ្នាំ២០១៣បានបង្ហាញថា មាន៨៥%នៃកម្មករ-កម្មការិនី ដែលកំពុងធ្វើការតាមបណ្ដារោងចក្រ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយក្នុងចំណោមនោះ មាន១៤ភាគរយ ជាអ្នកមិនចេះអក្សរ និង២៩ភាគរយបានបង្ហាញថា មានកម្រិតអក្ខរកម្មទាបនៅឡើយ៕