(ភ្នំពេញ)៖ ទិវាយោគៈអន្តរជាតិលើកទី៤ (4th International Day of YOGA) ត្រូវបានរៀបចំឡើងព្រមគ្នាចំនួន២កន្លែង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។ ក្រោមវត្តមានលោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ឃើញថាទិវាយោគៈអន្តរជាតិលើកទី៤ នៅរាជធានីភ្នំពេញ ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកស្រី ម៉ានីកា ជេន បានឱ្យដឹងថា ទិវាយោគៈអន្តរជាតិ ត្រូវបានអង្គការសហប្រជាជាតិកំណត់យកថ្ងៃទី២១ ខែមិថុនា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដើម្បីផ្សព្វផ្សាយអំពីវិធីហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចង្វាក់សរសៃឈាមឲ្យរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់មនុស្ស។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា យោគៈ មានដើមកំណើតនៅភាគខាងជើងប្រទេសឥណ្ឌា តាំងពី៥ពាន់ឆ្នាំមុនមកម៉្លេះ ដែលត្រូវបានកែច្នៃ និងអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់។

លោក សូ វិសុទ្ធី បានគូសបញ្ជាក់ដែរថា ទិវាយោគៈអន្តរជាតិនេះ ក៏ជាព្រឹត្តិការណ៍កីឡាទេសចរណ៍ (Sport Tourism) មួយផងដែរ ដែលបានរួមចំណែកទាក់ទាញ និងផ្សព្វផ្សាយដល់ទេសចររាប់លាននាក់ និងចំណូលជាង៦០០ពាន់លានដុល្លារ សម្រាប់ពិភពលោកក្នុងមួយឆ្នាំៗ។

លោកបន្តថា ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាច្រើន និងបានជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោក ដើម្បីបានស្គាល់កម្ពុជាកាន់តែច្បាស់ ពិសេសនៅពេលថ្មីៗនេះ ប្រាសាទអង្គរវត្តកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ពីទីភ្នាក់ងារប្រឹក្សាយោបល់ទេសចរណ៍ពិភពលោក TripAdvisor ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើលោក សម្រាប់ឆ្នាំ២០១៨ ដែលកំពុងជួយលើកមុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាទទួលបានផលចំណេញច្រើនលើផ្នែកផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិដោយមិនចាំបាច់ចំណាយថវិកាច្រើន ពិសេសទីផ្សារឥណ្ឌាជាទីផ្សារធំមួយសម្រាប់កម្ពុជា។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណជាង៧លាននាក់ នៅឆ្នាំ២០២០។

បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោកស្រីឯកអគ្គរដ្ឋទូត សន្ទរកថារបស់លោក សូ វិសុទ្ធី និងការថ្លែងស្វាគមន៍ពីតំណាងក្រសួងអប់រំរួចមក លំហាត់យោគៈត្រូវបានចាប់ផ្ដើមឡើងជាមួយទិដ្ឋភាពដ៏ឱឡារឹក នៅលើពហុកីឡដ្ឋានជាតិអូឡាំពិក។

គួរបញ្ជាក់ថា បន្ទាប់ពីការរៀបចំនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទិវាយោគៈអន្តរជាតិលើកទី៤នេះ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប-អង្គរ និងខេត្តបាត់ដំបងទៀតផងដែរ នៅថ្ងៃទី១៧ ខែមិថុនា ស្អែកនេះ៕